សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

នៅ​ពេល​អ្នក​​មាន​បញ្ហាជាប់​គាំង​ មន្ទិល ឬ​មិន​ទៅ​មុខ​លើ​រឿង​សម្រេច​​អ្វី​មួយដោយ​សារ​ជម្រើស​ច្រើន​ពេក គំនិត​ច្រើន​ពេក ព័ត៌មាន​ច្រើន​ពេក អ្នក​ត្រូវ​មាន​គំនិត​ខ្លះ​ៗ​ជា​ជំនួយ​ស្មារតី​ក្នុង​ការ​ដោះ​ស្រាយ​បាន​ដែរ។ ចំណុច​ខ្លះ​ៗ​ខាង​ក្រោមអាច​ឱ្យ​អ្នក​ពិចារណា ​និង​គិត​គូរ​បាន​បន្ថែម​សម្រាប់​​​ការ​សម្រេច​លើ​អ្វី​មួយ​៖

.ស្រមៃ​មើល​ពី​អ្វី​ជា​ចំណូល​ចិត្ត

​ស្វែង​រក​មើល​អ្វី​ទៅ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក មាន​ន័យ​ថា​អ្នក​ស្រលាញ់​នឹង​​រីក​រាយ​​នឹង​​វា​មិន​​ចេះ​ធុញមិន​ជិន​​ណាយ​។ ម្យ៉ាង​ទៀត​អ្នក​ក៏​គួរ​ហ៊ាន​សាក​ល្បង​ធ្វើ​​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ទៅ​លើ​រឿង​នោះព្រោះ​ថា​ការ​យក​ចិត្ត​ទុក​ដាក់អនុវត្ត​​លើ​កិច្ច​ការ​នោះ​ជា​រឿយ​ៗ អ្នក​នឹង​ឃើញ​ពី​លទ្ធផល​ផ្លែ​ផ្កា​​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​ព្យាយាម​របស់​អ្នក​ផ្ទាល់​។

.ម្នាក់​ៗ​មាន​ភាព​សម្គាល់​រៀង​ៗ​ខ្លួន(ភាព​ខុស​ប្លែក​គ្នា)

ប្រាកដ​ណាស់​មនុស្ស​យើង​ម្នាក់​ៗ​មាន​ការ​​មើល​ឃើញ​យល់​ឃើញ​ខុស​​​ប្លែក​គ្នា ហើយ​របៀប​នៃ​ការ​បង្ហាញ​​ក៏​ផ្សេង​ៗ​​គ្នា​។ ដូច្នេះ​អ្នក​គឺ​ជា​អ្នក​ផ្តើម​គំនិត​របស់​ខ្លួន​ផ្ទាល់ដោយ​ចេះ​ផ្តើម ហើយ​ក៏​​គប្បី​ត្រូវ​ចេះ​ទទួល​ខុស​ត្រូវ​លើ​ការ​សម្រេច​​នូវ​​ភាព​ជា​អ្នក​នោះ។ ប្រសិន​បើ​​អ្នក​ថ្លឹង​ថ្លែង​ឃើញ​​ថាសកម្មភាព​អ្នក ​ឬ​គំនិត​អ្នក​​មិន​ជា​ប្រសើរអ្នក​ក៏​គួរ​កែ​ប្រែ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​។ ចំណុច​នេះ​​ក៏​សម្តៅ​​ន័យ​ដែរ​ថាអ្នក​​​នឹង​មាន​ពេល​គ្រប់​គ្រាន់​ផ្តោត​លើ​អ្វី​មួយ​ដែល​អ្នក​ពេញ​ចិត្តជា​ជាង​ការ​នៅ​សង្ស័យ​ឬ​ស្ទាក់​ស្ទើរ​។

Image

.មនុស្ស​គ្រប់​​ៗ​គ្នា​មាន​​របស់​ពិសេស​មួយហើយ​​ការ​សម្រេច​​ធ្វើ​​ ឬ​មិន​ធ្វើ​​គឺ​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ​នោះ

យើង​​សឹង​គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា​​របស់​ពិសេស​នោះគឺ​ជា​ខួរ​ក្បាល​ មាន​ន័យ​ថាសកម្មភាព ឬ​លទ្ធផល​នៅ​លើ​ពិភព​លោក​នេះគឺ​បាន​​មក​ពី​គំនិតការ​គិត​ផ្ទាល់​ របស់​បុគ្គល​ម្នាក់​ៗដែល​មាន​ខួរ​ក្បាល​ជា​សមាសភាព​សំខាន់​​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​គិត​ពិចារណា​នោះ​។ ម្យ៉ាង​ទៀត លទ្ធផល​ជា​ផ្លែ​ផ្កា​នោះក៏​កើត​ឡើង​បាន​ដោយ​សារ​សកម្មភាព​ជា​ហេតុ​ផង​ដែរ ទើប​គំនិត​នោះ​កើត​មាន​ជា​រូប​រាង​ឡើង ​ជា​ឧទាហរណ៍​តូច​មួយ​ថាអ្នក​មាន​ហ្គីតា​នៅ​ក្នុង​ដៃ ហើយ​​ការ​សម្រេច​ថា​ខំ​​រៀន​លេង​វា ឬ​មិន​ធ្វើ​អ្វី​សោះ ដើម្បី​បាន​ឮ​សម្លេង​ពិរោះ​គឺ​ជា​រឿង​របស់​យើង​ផ្ទាល់។

សម្រាប់​ចំណុច​​ខាង​លើ​នេះ​​សរុប​ជា​រួមក៏​​សំដៅ​ទៅ​លើ​ន័យ​ដែល​ថាគឺ​អ្វី​ៗ​ចាប់​ផ្តើម​ពី​សកម្មភាព​អ្នក​ទៅ​ធ្វើ ពុំ​មែន​ត្រឹម​តែ​គិត​​រួច​មិន​​មាន​សកម្មភាព​អ្វី​សោះ​នោះ​ឡើយ​។ ចាប់​ផ្តើម​ធ្វើ​អ្នក​នៅ​តែ​អាច​ស្វែង​យល់​ពីអ្វី​ទៅ​ដែល​ជា​ចំណូល​ចិត្ត​របស់​អ្នកផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​អ្វី​មួយ​ឱ្យ​ប្រាកដ និង​ជឿ​ជាក់​លើ​អ្វី​ដែល​អ្នក​ជ្រើស​យកហើយ​ត្រូវ​មាន​សកម្មភាព​​ចាប់​ផ្តើម​ទោះ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ខ្លះ​​ដែល​​​ជា​ការ​វាស់​ស្ទង់​ភាព​ក្លាហាន​ និង​ជឿ​ជាក់​របស់​អ្នក៕