លោក ងួន វណ្ណារិទ្ធ ជានិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ដែលកំពុងសិក្សានិងធ្វើនិក្ខេបទបញ្ចប់ឆ្នាំ នៅលើជំនាញផ្នែកទស្សនៈវិជ្ជា គ្រប់គ្រង( Philosophy in Management) ពីសាកលវិទ្យាល័យ បូរ៉ាផា (Burapha) ខេត្ត ឈុនបុរី ប្រទេសថៃ។
លោកបានប្រឡងជាប់អាហារូបករណ៍ពេញ១០០% កាលពីឆ្នាំ ២០១៩ ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ប្រមាណជា 8000฿ សម្រាប់ការរស់នៅ (ការស្នាក់នៅ និង ហូប) រយៈពេល 3ឆ្នាំ សម្រាប់កម្មវិធីសិក្សា មុខវិជ្ជា និង ស្រាវជ្រាវ។
ថ្ងៃនេះ ក្រមា ប៉ុស្ដិ៍ បានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយលោក រិទ្ធ ដើម្បីទទួលបាននូវព័ត៌មានមកចែករំលែកដល់និស្សិតមិត្តអ្នកអានដែលមានបំណង ចង់ប្រឡងសិក្សានៅក្រៅប្រទេស សូមតាមដាន៖
១/ តើលោកដឹងព័ត៌មាន ពីការប្រឡងជ្រើសរើសអាហារូបករណ៍ដោយរបៀបណា?
លោក រិទ្ធ៖ អាហារូបករណ៍នេះជាគម្រោងព្រះរាជទាន ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ជារៀងរាល់ឆ្នាំ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើការផ្សព្វផ្សាយ នៅអាហារូបករណ៍នេះហើយយើងអាចធ្វើការទិញពាក្យស្នើសុំចូលរួមការប្រឡងនៅ ការិយាល័យអាហារូបករណ៍និងកម្មសិក្សា ដែលស្ថិតនៅខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ។
២/ តើលោកបានត្រៀមខ្លួនដូចម្ដេចខ្លះមុនដល់ថ្ងៃត្រូវប្រឡងអាហារូបករណ៍?
លោក រិទ្ធ៖ ខ្ញុំបានធ្វើតាមដានឯកសារចាស់ៗដែលបានមកពីការសាកសួរសិស្សច្បងផ្សេងៗ ដែលបានប្រឡងជាប់ និងធ្វើការស្រាវជ្រាវបន្ថែមជាពិសេសយើងត្រូវដឹងពីប្រភេទវិញ្ញាសារក្នុងការប្រឡង ដែលភាគច្រើនផ្តោតទៅលើភាសាអង់គ្លេសកម្រិត TOEFL (ផ្តោតទៅលើ Reading, Grammar, and Vocabulary) ហេតុដូចនេះ ខ្ញុំបានចំណាយពេលវេលាក្នុងការសិក្សាចងចាំពាក្យតាមសៀវភៅមួយចំនួនដែលតម្រូវឲ្យត្រៀមមុនប្រហែល៦ខែ ។
ម្យ៉ាងវិញទៀតខ្ញុំបានចំណាយពេលក្នុងការរៀនស្តាប់ព័ត៌មាន តាមរយៈ BBC CNN, and CNA ដែលអាចជួយយើងក្នុងការរៀនស្តាប់ ជាពិសេសធ្វើការអានអត្ថបទផ្សេងៗដែលទាក់ទងទៅនឹងសង្គម ឬវប្បធម៌ ជាភាសាអង់គ្លេស ដើម្បីជំរុញក្នុងការធ្វើ Reading ជាមួយគ្នាដែលនោះ ខ្ញុំបានសាកសួរមិត្តភាពមួយចំនួនដែលមានឯកទេសក្នុងការរៀនភាសាអង់គ្លេស ដើម្បីជួយពង្រឹងសមត្ថភាពរបស់ខ្ញុំ។
៣/ សូមលោករៀបរាប់ពីដំណើរការនៃការប្រឡងតើប្រព្រឹត្តិទៅយ៉ាងដូចម្ដេច?
លោក រិទ្ធ៖ ការចុះឈ្មោះចូលរួមប្រឡងគឺផ្សព្វផ្សាយនៅលើ Page ក្រសួងអប់រំរួមជាមួយនឹងលទ្ឋផលជាប់ផងដែរ។ សម្រាប់ការប្រឡងវិញ ជាប្រភេទ OFF LINE មានការបែកចែកជា ២ដំណាក់កាល។
សូមលោកជួយរៀបរាប់ឲ្យបានលម្អិតបន្តិចទៀតបានទេ?
លោក រិទ្ធ៖
ដំណាក់កាលទី១ ក្រសួងអប់រំ យុវជននិងកីឡា ជាអ្នករៀបចំការប្រឡងជម្រុះបេក្ខជន។បន្ទាប់ពីជាប់ការប្រឡង ត្រូវរង់ចាំការប្រកាសដំណាក់ទី២ ដែលរៀបចំដោយភាគីថៃ។
ដំណាក់កាលទី២៖
ថ្ងៃទី១ ចូលស្ដាប់ការណែនាំ៖បេក្ខជនដែលជាប់ក្នុងដំណាក់កាលទី១ ត្រូវធ្វើការជួបជុំគ្នានៅសាលាតិចណូដើម្បស្តាប់ការណែនាំក្នុងការប្រឡង ពីការពាក់កងជ័រនៅលើដៃ ដើម្បីបង្ហាញគណៈកម្មាធិការនិងមុខវិជ្ជាដែលខ្លួនបានជ្រើសរើសសម្រាប់សិក្សានៅប្រទេសថៃ។
ថ្ងៃទី២ ប្រឡងសរសេរដៃ៖ សម្រាប់បេក្ខជនដែលមានឈ្មោះប្រឡង និងបានពាក់កងរួចរាល់ ត្រូវត្រូវត្រៀមធ្វើការប្រឡងដោយមានពេលវេលារយៈពេល ២ម៉ោង សម្រាប់សាកលវិទ្យាល័យខ្លះ ដែលមាន Special Test ត្រូវតម្រូវឲ្យនិស្សិតធ្វើការប្រឡងនៅពេលថ្ងៃបន្តទៀត។
បន្ទាប់ពីធ្វើការប្រឡងរួចលទ្ឋផលនឹងធ្វើការប្រកាសនៅលើ Website: royalscholarship.buu.ac.th ហើយបើបេក្ខជនដែលមានឈ្មោះ បង្ហាញជាពណ៌បៃតង នឹងមានសិទ្ធិមកសម្ភាសន៍ក្នុងថ្ងៃទី៣។
ថ្ងៃទី៣ តេស្ដផ្ទាល់មាត់៖បេក្ខជនដែលជាប់ក្នុងការប្រកួតប្រជែងជាមួយការធ្វើតេស្តសរសេរ ត្រូវឆ្លងកាត់ការធ្វើកសម្ភាស៍ផ្ទាល់មុខដែលទាក់ទងជាមួយបទពិសោធន៍ និងជំនាញក្នុងការជ្រើសរើសរបស់ខ្លួន ជាពិសេសត្រូវមានការប្រកួតប្រជែងជាមួយអ្នកដទៃផងដែរហើយលទ្ធផលជាប់ ឬបំរុង នឹងធ្វើការប្រកាសនៅលើ Website: royalscholarship.buu.ac.th ម្ដងទៀត។
ចំណែកបេក្ខជនដែលជាប់ក្នុងការជ្រើសរើសប្រឡង ត្រូវរង់ចាំការប្រកាសទទួលស្គាល់ជាផ្លូវការពីក្រសួងអប់រំយុវជន និងកីឡា នៅគេហទំព័ររបស់ក្រសួងផ្ទាល់។
សូមជម្រាបជូនដែរថា អាហារូបករណ៍ដែលលោកប្រឡងជាប់នេះគឺក្រោមគម្រោង ព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន ដែលមានជាប្រចាំឆ្នាំដើម្បីទៅសិក្សាព្រះរាជាណាចក្រថៃ (សម្រាប់ថា្នក់បណ្ឌិត អនុបណ្ឌិត និង បរិញ្ញាបត្រ)។
និស្សិត បុគ្គលិករដ្ឋនិងឯកជន អាចចូលរួមប្រកួតប្រជែងបាន ដោយការប្រឡងសម្រាប់ថ្នាក់បណ្ឌិត គឺផ្តោតទៅលើវប្បធម៌ទូទៅមុខវិជ្ជាទូទៅ និងភាសាអង់គ្លេស និងអនុបណ្ឌិត ផ្តោតទៅលើភាសាអង់គ្លេស និង វប្បធម៌ទូទៅ៕