រាជធានីភ្នំពេញ៖ លោក ឌិត ទីណា ដែលនឹងក្លាយជារដ្ឋមន្រ្តីវ័យក្មេងមួយរូប ជំនួសលោក វេង សាខុន ដែលជាអតីតរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ត្រូវបាន គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីសម្រេច ដោយតែងតាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានចំនួនពីរខេត្ត គឺខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនដែរថា រដ្ឋសភាជាតិ នឹងប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ១៤ តុលា ខាងមុខនេះ។
ដោយឡែកលោក វេង សាខុន ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១១ តុលា រួចហើយដែរ៕

