វៀតណាម៖ រដ្ឋសភាវៀតណាម បានផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងវៀតណាម ( EVFTA) ដែលនឹងកាត់បន្ថយឬលុបចោលពន្ធចំនួន៩៩ ភាគរយចំពោះទំនិញ ដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ។ កិច្ចព្រមព្រៀងនេះអាចនឹងចូលជាធរមាននៅក្នុងខែកក្កដា។

ក្រោមកិច្ចព្រមព្រៀង EVFTA ដែលចំណាយពេល ៨ឆ្នាំដើម្បីចរចា វៀតណាមនឹងលុបចោលពន្ធនាំចូល ៩៩ភាគរយរបស់ខ្លួនក្នុងរយៈពេលជាង ១០ ឆ្នាំនិង E.U. នឹងធ្វើដូចគ្នារយៈពេលប្រាំពីរឆ្នាំ។

នៅពេលដែល EVFTA ចូលជាធរមាននៅខែក្រោយ សហភាពអឺរ៉ុប E.U. នឹងលុបចោលពន្ធនាំចូលភ្លាមៗ នៅលើពន្ធចំនួនប្រមាណ ៨៥,៦ ភាគរយ ដែលស្មើនឹង ៧០,៣ភាគរយនៃការនាំចេញរបស់វៀតណាម។

E.U. នឹងលុបចោលជាបណ្ដើរពន្ធគយ ៩៩,២ ភាគរយ ដែលស្មើនឹង ៩៩,៧ភាគរយនៃការនាំចេញរបស់វៀតណាមក្នុងរយៈពេល ៧ ឆ្នាំខាងមុខ។ ចំណែកនៅសល់ ០,៣ ភាគរយទៀត នឹងផ្តល់កូតាពន្ធដល់ប្រទេសវៀតណាមជាមួយនឹងពន្ធនាំចូល ០ ភាគរយ។

E.U. គឺជាទីផ្សារនាំចេញធំជាងគេទី ២របស់វៀតណាម ដោយមានតម្លៃ ៤១,៤៨ ពាន់លានដុល្លារ នៅពីក្រោយសហរដ្ឋអាមេរិក។

ធនាគារពិភពលោកបាននិយាយថា EVFTA អាចជំរុញផលិតផលក្នុងស្រុកសរុបរបស់វៀតណាម និងការនាំចេញបាន ២,៤ ភាគរយនិង ១២ ភាគរយរៀងៗខ្លួននៅឆ្នាំ ២០៣០ និងអាចជួយប្រជាជនរាប់សែននាក់ចេញពីភាពក្រីក្រ៕

ប្រភព៖ VNexpress.net