ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបង នឹងរៀបចំតំបន់មួយដែលស្រដៀងទៅនឹងPub Street នៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ លូ គណៈអភិបាលខេត្តបាត់ដំបង។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងបែបនេះក្នុងជំនួបជាមួយលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ នៅព្រឹកថ្ងៃពុធទី១៦ ខែមីនា ឆ្នាំ២០២២។

លោកស្រី Aurelie Vincq ក៏បានរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ ដែលកំពុងអនុវត្តន៍គម្រោងផ្លាស់ប្ដូរគរុកោសល្យរវាងសមាគមហ្វារពន្លឺសិល្បៈ និងសាលាសៀកបារាំង អេសាក់តូ នៅតំបន់អុកស៊ីតានី ប្រទេសបារាំង។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ  បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗនៅក្នុងថ្ងៃណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនាការសម្ដែងសិល្បៈពីសិល្បករក្នុងខេត្តរបស់យើង។ 

ឯកឧត្តមសង្ឃឹមថា អង្គការហ្វារពន្លឺសិល្បៈនឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់យុវជន យុវនារី ជាពិសេសគឺផ្នែកសិល្បៈនេះដើម្បីលើកស្ទួយវិស័យសិល្បៈនៅក្នុងខេត្ត និងដើម្បីលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់សិល្បៈដែលមានសាលាបណ្ដុះបណ្ដាលវិស័យសិល្បៈបែបនេះ៕