រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានី នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់ប្រជាជនទូទៅ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ 

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញផែនការនេះ ដើម្បីជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន និងឆាប់រហ័ស សម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឱ្យមានភាពស៊ាំសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ផ្អែកតាមផែនការមេ ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១៕