អាល្លឺម៉ង់៖ បុគ្គលិកប្រៃសណីយ៍ជនជាតិអាល្លឺម៉ង់ចំនួន១២នាក់ ត្រូវដាក់ឲ្យសម្រាកព្យាបាល ខណៈមនុស្សជាច្រើនផ្សេងទៀតត្រូវបានគេជម្លៀសចេញ ដោយមានការសង្ស័យលើកញ្ចប់អីវ៉ាន់មួយមានជះក្លិន ពិបាកទ្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានប៉ូលិស Schweinfurt បានលើកឡើងថា «ដោយសារតែយើងមិនបានដឹងពីមូលហេតុពិតប្រាកដថា តើកញ្ចប់សង្ស័យនោះអាចបង្កហានិភ័យខ្ពស់នោះទេ ដូចនេះហើយទើបយើងបានជម្លៀសបុគ្គលិកប្រហែលជា៦០នាក់ចេញពីអគារទាំងមូល មុនពេលដែលមន្ត្រីជំនាញចាប់ផ្តើមធ្វើការពិនិត្យទៅលើកញ្ចប់អីវ៉ាន់ ដែលសង្ស័យនោះយ៉ាងយកចិត្តទុកដាក់បំផុត»។

បន្ថែមពីខាងលើនេះរថយន្តសង្គ្រោះ ០៦គ្រឿង ត្រូវបានបញ្ជូនកាន់កន្លែងកើតហេតុ និងក្រុមពន្លត់អគ្គីភ័យមកពីនាយកដ្ឋានបីផ្សេងគ្នា ក៏មានវត្តមាននៅទីនោះដែរ។ មន្ត្រីប៉ូលីសនៅក្រុង Schweinfurt បាននិយាយថា បុគ្គលិកប្រៃសណីយ៍ចំនួន ១២នាក់បានត្អូញត្អែរពីអការៈចង់ក្អួតចង្អោរ និងត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យ។

តាមការពិនិត្យយ៉ាងប្រុងប្រយ័ត្នស្របតាមបទដ្ឋានបច្ចេកទេស វាគឺជាកញ្ចប់ផ្លែធូរេនពីប្រទេសថៃ ចំនួន០៤ផ្លែ ដែលអ្នកស្រុកអាយុ ៥០ឆ្នាំម្នាក់ បានផ្ងើទៅផ្ទះមិត្តម្នាក់នៅគោលដៅផ្សេង៕

ប្រភព៖ CNN ចុះថ្ងៃទី ២៣ មិថុនា ២០២០