ថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ជីវ អានុសន នាយកក្រុមហ៊ុនអង្ករកសិកម្មរុងរឿង ចំកាត់ បានលើកអំពីគម្រោងវិនិយោគទុន ជាមួយសហគមន៍អឺរ៉ុបលើវិស័យកសិកម្ម ថា ក្រុមហ៊ុនបានវិនិយោគលើដំណាំស្រូវ និងកែច្នៃអង្ករក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ស្ពឺ កំពត តាកែវនិងខេត្តកណ្តាល ដោយបានអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយកសិករជាង២ម៉ឺនគ្រួសារ ដើម្បីផលិតស្រូវហូប និងជាង ២ពាន់គ្រួសារទៀត ជាអ្នកផលិតស្រូវពូជ តាមរយៈការផ្តល់ពូជ និងបច្ចេកទេស រួចប្រមូលទិញមកវិញ ដើម្បីធ្វើការកែច្នៃ និងនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងអឺរ៉ុប។
លោកបន្តថា ទៅថ្ងៃអនាគតក្រុមហ៊ុនមានគម្រោង ពង្រីកផលិតកម្មបន្ថែម នៅតាមខេត្តទូទាំងប្រទេស ដើម្បីជួយឱ្យវិស័យកសិកម្មនៅកម្ពុជាមានភាពរីកចម្រើន ក៏ដូចជាជួយឱ្យជីវភាពរបស់កសិករកម្ពុជា កាន់តែប្រសើរឡើងតាមរយៈការខ្ចីទុនវិនិយោគពីសហគមន៍អឺរ៉ុប។
ទាក់ទងនឹងគម្រោងវិនិយោគខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងនេះក្នុងគោលដៅ ជួយជំរុញផលិតកម្មពូជស្រូវសុទ្ធល្អឆ្លើយតបតាមតម្រូវការទីផ្សារ ជំរុញការធ្វើទំនើបកម្មផលិតកម្មដំណាំស្រូវនិងលើកស្ទួយកម្រិតជីវភាពប្រជាកសិករ តាមរយៈការបង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនធ្វើការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៃខេត្តគោលដៅ ដើម្បីពិនិត្យ និងសិក្សាវាយតម្លៃទៅលើគោលការណ៍ច្បាប់និងបច្ចេកទេសឱ្យបានទូលំទូលាយ និងស៊ីជម្រៅជាមុនសិន៕