រាជធានីភ្នំពេញ៖ ជាការលើកទឹកចិត្ត និងស្ងើចស្ញែងចំពោះស្នាដៃប្រកបដោយភាពច្នៃប្រឌិតខ្ពស់ របស់និស្សិតដែលកំពុងសិក្សារៀនសូត្រនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង និងសប្បុរសជន ដែលមាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកឧកញ៉ា ឡេង ប្រុស អញ្ជើញសំណេះសំណាល និងផ្តល់ការឧបត្ថម្ភគាំទ្រជាទឹកប្រាក់ ចំនួន ១៥,០០០ដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់លើការស្រាវជ្រាវបន្ថែមរបស់ក្រុមនិស្សិតដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតដ្រូននេះឡើង។
នាឱកាសអញ្ជើញចុះសំណេះសំណាលនេះដែរ ឯកឧត្តម ហេង សួរ បានសម្តែងនូវមោទនភាពក្រៃលែង ចំពោះប្អូនៗនិស្សិត ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យនេះឡើង ដែលអាចចាត់ទុកបានថា នេះជាស្នាដៃដំបូងបំផុតសម្រាប់កម្ពុជាដែលមានក្រុមនិស្សិតដូចជាប្អូនៗបានរៀបចំបង្កើតដ្រូននេះឲ្យចេញជារូបរាងឡើង។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា យើងធ្លាប់តែឃើញប្រទេសអភិវឌ្ឍន៍ ដែលមានវិទ្យាសាស្ត្ររីកចម្រើនខ្លាំងនោះ បង្កើតដ្រូនប្រភេទនេះ ដើម្បីបម្រើសេចក្តីត្រូវការផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មដទៃផ្សេងទៀត ប៉ុន្តែបើយើងក្រឡេកមកមើលការរៀបចំដ្រូនរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ពិតជាមិនចាញ់ដ្រូនដែលបង្កើតឡើងដោយបណ្តាប្រទេសរីកចម្រើនខាងបច្ចេកវិទ្យាទាំងនោះផងទេ។ ភាពច្នៃប្រឌិត កើតចេញពីការប្រឹងប្រែងស្រាវជ្រាវពីសំណាក់ប្អូនៗនិស្សិតទាំងនេះ ព្រមទាំងទទួលបានការណែនាំចង្អុលបង្ហាញពីសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំរបស់វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជាផងដែរនោះ ឯកឧត្តម ហេង សួរ រំពឹងយ៉ាងមុតមាំថា ស្នាដៃថ្មីៗបន្ថែមទៀត នឹងកើតចេញជាផ្លែផ្កា មានភាពទំនើប ទាន់សម័យ ដើម្បីបម្រើតម្រូវការចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ហើយក៏ជាការលើកស្ទួយកិត្យានុភាព ក៏ដូចមោទនភាពរបស់ជាតិសាសន៍យើងផងដែរ។
ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរដល់ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងសាស្ត្រាចារ្យ ដែលបានប្រឹងប្រែង ធ្វើឲ្យវិទ្យាស្ថានមានការអភិវឌ្ឍ រីកចម្រើនជាខ្លាំង ដើម្បីចូលរួមចំណែកលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា កាន់តែមានសក្តានុពលបន្ថែមទៀត។
ចំពោះមោទនភាពមួយទៀត របស់ឯកឧត្តម ហេង សួរ គឺការចូលរួមប្រកួតប្រជែងស្នាដៃ និងសមត្ថភាព ការបង្កើតរ៉ូបូត របស់និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលរៀបចំដោយស្ថានទូតជប៉ុន គឺតែងដណ្តើមបានពានរង្វាន់ជោគជ័យ។
ក្នុងនាមប្រធានសមាគមសហព័ន្ធសិស្ស និស្សិតអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ពិតជាចង់ឃើញយុវជនកម្ពុជាមានការចាប់អារម្មរណ៍ទៅលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនេះឲ្យបានកាន់តែច្រើន ដែលធ្វើឲ្យប្រទេសរបស់យើងសម្បូរទៅដោយអ្នកវិទ្យាសាស្ត្រ។ ត្រង់ចំណុចនេះ ឯកឧត្តម បញ្ជាក់ថា៖ “សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ អាចមានគំនិតផលិតសម្ភារប្រើប្រាស់បានច្រើន កែប្រែពីការប្រើកម្លាំង ទៅជាប្រើឧបករណ៍បែបទំនើបជំនួសវិញ សម្រាប់បម្រើទៅលើផ្នែកសំណង់ កសិកម្ម ជាដើម”។
ទន្ទឹមនេះដែរ ឯកឧត្តម ហេង សួរ ក៏បានលើកឡើងពីយុវជនមួយក្រុមទៀត ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះយុគន្ធរ ដែលបានសម្រេចជោគជ័យលើការបង្ហោះគម្រូកូនផ្កាយរណបចូលទៅកាន់ស្រទាប់ទី២នៃផែនដី។ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហេង សួរ និងគណៈប្រតិភូគ្រោងនឹងទៅលើកទឹកចិត្តដល់យុវជន ដែលបានបង្កើតស្នាដៃរបស់ពួកគេនេះឡើង។ ជាមួយនេះដែរ ឯកឧត្តម មានបំណងចង់ឲ្យប្អូនៗជំនាន់ក្រោយយកវិទ្យាសាស្ត្រធ្វើជាមូលដ្ឋាន ក្នុងការទាក់ចិត្តដល់អ្នកស្រាវជ្រាវ និងក្រុមហ៊ុនធំៗ ដើម្បីទទួលអាហារូបករណ៍ បន្តការសិក្សាស្រាវជ្រាវជំនាញវិទ្យាសាស្ត្ររបស់ខ្លួនឲ្យទទួលបានជោគជ័យមួយកម្រិតទៀត។
ឯកឧត្តមថា ការរស់នៅរបស់យើងរាល់ថ្ងៃ ដែលមានលក្ខណៈងាយស្រួលនេះ គឺពឹងផ្អែកទៅអ្នកវិទ្យាសាស្ត្រ ជំនាន់មុនបានធ្វើការសិក្សាស្រាវជ្រាវ បង្កើតបានជាសម្ភារទំនើបៗយ៉ាងច្រើន ដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងការរស់នៅរបស់យើង។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់និស្សិតជំនាន់ក្រោយៗ ត្រូវបន្តស្នាដៃពីនិស្សិតជំនាន់មុន ដោយសិក្សាស្រាវជ្រាវបំពេញបន្ថែម ធ្វើយ៉ាងណាឲ្យគម្រោងនៃកិច្ចការស្រាវជ្រាវរបស់ខ្លួនកាន់តែទទួលជោគជ័យ៕