ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញសេចក្ដីសម្រេចមួយ កាលពីព្រលឹម ថ្ងៃ ២៣មេសា ដោយសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រហូតដល់ថ្ងៃ ៦ឧសភា។ នេះជាលើកដំបូងហើយដែលក្រុងព្រះសីហនុត្រូវបានប្រកាសបិទខ្ទប់ រយៈពេល១៤ថ្ងៃ។
ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ មានការផ្ទុះនៃជំងឺកូវីដ១៩ ក្នុងតំបន់ទីប្រជុំមនុស្ស ដូចជាផ្សារលើ និងផ្សារពាណិជ្ជ ដែលធ្វើឲ្យមានអ្នកវិជ្ជមានមានការកើនឡើង ដល់ជាង ២០០នាក់ក្នុង១ថ្ងៃ ដែលនេះក្នុងបរិមាណមិនធ្លាប់មានក្នុងខេត្ត។
ក្នុងនោះផងដែរ រដ្ឋបាលខេត្ត បានសម្រេចដាក់ភូមិចំនួន៥ រួមមាន៖ ភូមិលេខ១ លេខ២ លេខ៣ លេខ៤ និងលេខ៥ នៃសង្កាត់លេខ៤ ជាតំបន់ក្រហម ដោយហាមផ្តាច់មិនឱ្យមានការចេញពីផ្ទះ បន្ទាប់ពីទាំងនេះផ្ទុះការឆ្លងខ្លាំងនៃជំងឺកូវីដ១៩។ រដ្ឋបាលខេត្ត ក៏បានហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ់-ចូល ឬឆ្លងកាត់តំបន់ក្រហមនេះ លើកលែងតែការធ្វើដំណើរចាំបាច់មួយចំនួនប៉ុណ្ណោះ។
បន្ថែមលើវិធានការខាងលើ បុគ្គលល្មើសនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕