រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលមានគោលបំណងចូលរួមក្នុងការកែលំអគុណភាពអប់រំ និងការបណ្តុះបណ្តាលបុគ្គលិក លើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅកម្រិតមធ្យមសិក្សាបឋមភូមិ ។
គម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា មានទំហំថវិកា ចំនួន ៧លានដុល្លារអាមេរិក ដែលត្រូវអនុវត្តរយៈពេល ០៥ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៦ គាំទ្រថវិកាដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
គម្រោងនេះនឹងផ្ដោតលើសកម្មភាពជាអាទិភាពរួមមាន (១).ការកែលំអកម្មវិធីសិក្សា និង សៀវភៅសិក្សាគោល ICT (២).អភិវឌ្ឍសមត្ថភាពលើការបង្រៀន និងរៀន ICT (៣).ពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ICT នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគោលដៅ និង (៤).ពង្រឹង និងជំរុញការដឹកនាំគ្រប់គ្រងការអនុវត្តកម្មវិធី ICT នៅកម្រិតសាលារៀន។
ពិធីចុះហត្ថលេខានេះរៀបចំឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា រួមជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃភាគីទាំងពីរ។
ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រទាំងធនធានហិរញ្ញវត្ថុ និងបចេ្ចកទេសលើការអនុវត្តគម្រោង និងមានជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជាឱកាសថ្មីមួយបន្ថែមទៀតក្នុងការជួយកែលំអគុណភាពការអប់រំនៅកម្រិតមធ្យមសិក្សាបឋមភូមិ ស្របតាមបរិបទនៃការអប់រំបែបឌីជីថលកម្ពុជា៕