រាជធានីភ្នំពេញ៖  ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការ អបអរសាទរយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលសម្រេចបានជោគជ័យ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភពលោក និងបានស្វាគមន៍ ចំពោះក្រុមហ៊ុនដែលត្រៀមបើកការិយាល័យ តំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះនៅក្នុងតំបន់អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួង ត្រៀមលក្ខណៈជាស្រេចក្នុងការ សហការលើការ ជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាជាប្រយោជន៍ ដល់ការដឹកជញ្ជូន ហើយក៏គ្រោងនឹងលើកយកប្រធានបទនេះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកកូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទឹកដីអង្គរដោយផ្ទាល់ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យក្រុមហ៊ុន ជំរុញការបំពាក់ BeiDou GPS ៥៥០គ្រឿងដែលបានគ្រោងទុកនោះ ឱ្យបានទាន់ពេលវេលា ដើម្បីក្រសួងអាចយកជាបទពិសោធន៍ និងមានមូលដ្ឋាន ដើម្បីជំរុញការប្រើប្រាស់នៅកម្ពុជា ព្រមទាំង អាចប្រើប្រាស់ដើម្បីពិភាក្សា ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននាចុងឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ ប្រទេសជិតខាងក្នុងតំបន់អាស៊ានទាំងអស់នឹង ចាប់អារម្មណ៍ ឈានទៅប្រើប្រព័ន្ធ GPS នេះទាំងអស់គ្នា។

គួរកត់សម្គាល់ផងដែរថា៖ ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែកក្នុងការ ស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងការតាមដានយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ជាដើម។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធ BeiDou GPS នឹងផ្តល់ ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនផងដែរ។

គួររំលឹកផងដែរថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។