រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងរៀបចំកម្មវិធី LIVE SHOW ចំនួនប្រាំដងក្នុងឆ្នាំនេះ។ លើប្រធានបទដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន ៣. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤. ការងារបច្ចេកទេសផ្លូវថ្នល់ និង៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក។

 ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ កម្មវិធីនេះគឺជាការចែករំលែកព័ត៌មានទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជា មតិយោបល់ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការ ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបជូនថា៖ ក្រសួងសាធាណការ និងដឹកជញ្ជូន នឹងដំណើរការកម្មវិធី MPWT LIVE SHOW លើកដំបូងរបស់ខ្លួនក្រោមប្រធានបទ៖ "សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ តាមគោលការណ៍ឯកភាពពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕