ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសពីការដាក់ឲ្យដំណើរការ កម្មវិធីកុំព្យូទ័រ មួយដែលមានឈ្មោះថា «ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា» ។ ក្រសួងក៏បានអនុញ្ញាតឱ្យសាធារណជន អាចទាញយកទៅប្រើប្រាស់ និងគ្រប់គ្រងនូវឯកសារច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រក្រសួងយុត្តិធម៌។
សេចក្ដីជូនដំណឹងរបស់ក្រសួង ថែមទាំងបានបញ្ជាក់ថា កម្មវិធីនេះប្រៀបដូចជាមានបណ្ណាល័យអេឡិចត្រូនិច នៅក្នុងកុំព្យូទ័រ ជាពិសេសលោកអ្នកអាចទទួលបាននូវរាល់ឯកសារផ្សេងៗ ដែលធ្វើបច្ចុប្បន្នភាពនៅក្នុងគេហទំព័ររបស់ក្រសួង www.moj.gov.kh ហើយលោកអ្នកក៏អាចធ្វើបច្ចុប្បន្នភាពដោយផ្ទាល់ពីកម្មវិធីនេះផងដែរ។
សាធារណជនដែលមានបំណងប្រើប្រាស់កម្មវិធីខាងលើ សូមចូលទៅកាន់គេហទំព័រក្រសួងយុត្តិធម៌តាមរយៈ www.moj.gov.kh ដើម្បីទាញយកកម្មវិធីនេះមកដំឡើងក្នុងកុំព្យូទ័រ និងប្រើប្រាស់តាមតម្រូវការជាក់ស្ដែង៕