ភ្នំពេញ ៖ កំណើននៃការអភិវឌ្ឍន៍នៅក្នុងក្រុងកាន់តែខ្លាំង និងរុញបន្តទៅកាន់តំបន់ជាយក្រុង បានធ្វើឱ្យតម្លៃដីឡើងថ្លៃរហូតក្លាយជាឧបសគ្គសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានតម្លៃមធ្យម ហើយអ្នកវិនិយោគភាគច្រើនបានងាកទៅចាប់អារម្មណ៍ទីតាំងថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ជំនួសវិញ។ 

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានផងដែរនោះ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានលើកឡើងថា ពេលនេះការវិនិយោគទៅលើលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងក្រុងមិនមានឱកាសទៀតនោះទេ ដែលក្រៅពីនៅតំបន់ជាយក្រុងដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានទិញទុកកាលពីមុននោះ ភាគច្រើនគឺពួកគេបានងាកសម្លឹងទៅកាន់តំបន់ផ្សេងទៀតដែលមានសក្ដានុពលបន្ទាប់ ដូចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងមានការអភិវឌ្ឍខ្លាំង ក្រោមការវិនិយោគដោយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា “ឱកាសចំណេញពីការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃសមរម្យ គឺត្រូវបានធ្វើឡើងនៅលើដីដែលមានតម្លៃក្រោម៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើតម្លៃដីលើពីនេះគេមិនអាចធ្វើទៅបាននោះទេ”។

លោកឧកញ៉ាបន្តថា “ការវិនិយោគទៅលើលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងក្រុងមិនមានឱកាសទៀតនោះទេ។ ពេលនេះ ក្រៅពីនៅតំបន់ជាយក្រុងដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានទិញទុកកាលពីមុននោះ ភាគច្រើនគឺពួកគេបានងាកសម្លឹងទៅកាន់តំបន់ផ្សេងទៀតដែលមានសក្ដានុពលបន្ទាប់ ដូចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងមានការអភិវឌ្ឍខ្លាំង ក្រោមការវិនិយោគដោយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា”។

អ្នកជំនាញនៅក្នុងវិស័យមួយនេះបានអះអាងថា តំបន់ដែលស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី៣ នៅផ្តល់ឱកាសច្រើនជាងតំបន់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ដោយសារតែតម្លៃដីនៅផ្លូវក្រវ៉ាត់ក្រុងទី២ បានឡើងដល់កម្រិតមួយរួចទៅហើយ ដូច្នេះតំបន់នៅផ្លូវក្រវ៉ាត់ក្រុងទី៣ បានក្លាយទៅជាគោលដៅថ្មីមួយទៀតរបស់អ្នកវិនិយោគក្នុងវិស័យមួយនេះ។ ម៉្យាងវិញទៀត មិនយូរទៀតនោះទេ តំបន់នេះនឹងបង្ហាញពីសក្ដានុពលខ្លាំង មិនចាញ់តំបន់ជាយក្រុងដទៃទៀតនោះទេ ដោយសារតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាមានភាពល្អប្រសើរ ងាយស្រួលចេញចូលរាជធានីភ្នំពេញតាមផ្លូវធំៗមួយចំនួន ងាយស្រួលចេញចូលក្រុងតាខ្មៅ ជាពិសេសតំបន់បណ្តុំទីប្រជុំជនខេត្តកណ្តាល៕