ជាអតីតនិស្សិត នៃវិទ្យាស្ថានភាសាបរទេសហៅកាត់ថា (IFL) លោក កៅ ពន្លឺ បានរៀបរាប់អំពីជីវិតលំបាករបស់ខ្លួនមុនក្លាយជាតារាចម្រៀងអាជីព និងមានអ្វីៗដូចថ្ងៃនេះ។ កាលពីរៀននៅវិទ្យាល័យលោក ពន្លឺ ធ្លាប់មានក្តីស្រម៉ៃ ចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ដោយសារឃើញជីវភាពគ្រួសារក្រីក្រ។
នោះបន្ទាប់ពីបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ លោក ពន្លឺ បានលោកសម្រេចចិត្តមកដាក់ពាក្យសុំអាហារូបករណ៍រៀនផ្នែកអក្សរសាស្រ្តភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកបានបន្តថា “សំណាងល្អខ្ញុំបានប្រលងជាប់ បើអត់ជាប់ ប្រហែលជាត្រូវទៅខេត្តវិញហើយព្រោះគ្រួសារខ្ញុំលំបាក”។
ប្រវត្តិគ្រួសារនិងការសិក្សា
ជាកូនទីបី ក្នុងចំណោមបងប្អូន ៤នាក់និង ឪពុកម្តាយជាកសិករក្នុងស្រុកមេម៉ត់ ខេត្តកំពង់ចាម លោក ពន្លឺធ្លាប់រស់នៅក្នុងជីវភាពក្រលំបាក ដោយគ្រួសាររបស់លោក ជួបប្រទះនឹងបញ្ហាដីធ្លីដែលបណ្តាលអោយបាត់បង់ដីស្រែចំការទៀតផង។
ក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា លោក ពន្លឺបានចាកចេញពីផ្ទះដើម្បីបន្តការសិក្សាថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យដោយសារផ្ទះឆ្ងាយពីសាលាខ្លាំងពេក។ ដំបូងឡើយ លោកបានសុំគេស្នាក់នៅហ្គារាសឡានមួយដែលលោកត្រូវសំរាកនៅកន្លែងគេដាក់គ្រឿងម៉ាស៊ីនឡាននៅពេលយប់ ហើយធាក់កង់ទៅរៀនពេលព្រឹកឡើង។
សំណាងល្អ មិនយូរប៉ុន្មាន លោកពន្លឺត្រូវបានលោកគ្រូមុខវិជ្ជាភាសាខ្មែរ ហៅទៅស្នាក់នៅជាមួយនៅក្នុងសាលា ដើម្បីជួយលោកតាក់តែងកំណាព្យនិង រៀបចំជាកម្រងសៀវភៅ ទុកជាឯកសារ។ រស់នៅទីនោះ តាំងពីថ្នាក់ទី៧ ដល់ទី១២ លោក ពន្លឺបានរៀនសូត្រការតែងកំណាព្យភាសាខ្មែរ និង ចេះតែងបានយ៉ាងល្អ ហើយទទួលស្គាល់ពីសំណាក់គ្រូ ក៏ដូចជាសិស្សដ៏ទៃទៀត។
រៀនសូត្រតែងកំណាព្យបានយ៉ាងល្អ កាលនោះ លោកចូលចិត្តស្ដាប់ចម្រៀងរ៉េប និងកែអត្ថបទចម្រៀងដោយខ្លួនឯង ដោយចេះពីការតែងកំណាព្យ និងយកមកច្រៀងលេងជាមួយមិត្តភក្កិរបស់លោក។
ចាប់ផ្តើមវិស័យចម្រៀង
កាលពីនៅរៀនមហាវិទ្យាល័យ លោក ពន្លឺ បានមានឱកាសតែងនិពន្ធចម្រៀងដោយខ្លួនឯងលើកដំបូងសំរាប់កម្មវីធីជប់លៀងបញ្ចប់ការសិក្សានៅIFL។លោកបានសាកល្បងនិពន្ធបទចម្រៀងដោយខ្លូនឯង ចំណាយពេលតែមួយថ្ងៃប៉ុណ្ណោះដែលបទនោះមានចំនងជើងថា “Don’t Forget Me”។
”ជីវិតក្មេងកំព្រា” ទទួលការចូលមើលជាង២លានដងក្នុង Youtube ជាចម្រៀងមួយទៀតដែលរៀបរាប់អំពីជីវិតក្មេងសុំទានតាមដងផ្លូវ ដោយលោកបានសាកសួរក្មេងៗទាំងនោះហើយនិពន្ធតាមសាច់រឿងរបស់ពួកគេ។ គោលបំណងតែងបទនេះឡើងគឺ ចង់អោយសាធារណជន យល់ពីការលំបាកនិង ក្តីប្រាថ្នារបស់ពូកគេ ដែលចង់ទទួលបានការអប់រំដូចក្មេងដ៏ទៃទៀត។
សព្វថ្ងៃ បទចម្រៀងរបស់លោក ដែលទទួលបានការគាំទ្រខ្លាំងក្រៅពីបទខាងលើ គឺ បទ “Love Dairy” ដែលលោកបានច្រៀងរូមជាមូយមិត្តភកិ្តលោកម្នាក់ទៀតនិង មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ។
លោករំលឹកឡើងវិញថា “ទោះជាបង្រៀនភាសាអង់គ្លេសជាក្តីស្រម៉ៃកាលពីក្មេង ប៉ុន្តែខ្ញុំបានរកឃើញថាខ្លួនឯងចូលចិត្តខាងចម្រៀងច្រើនជាងទាំងមិនដឹងជាចេះតែងនិពន្ធមកពីណានោះទេ”។
គោលបំណងទៅថ្ងៃអនាគត លោកបាននិយាយថាគឺលោកចង់ប្រមូលផ្តុំអ្នកចម្រៀងនិពន្ធដោយខ្លួនឯងទាំងអស់ដើម្បីបើកផលិតកម្មមួយដោយខ្លួនឯង ដែលមិនចម្លងបទពីគេ និង ឲ្យមានការទទួលស្គាល់ជាអន្តរជាតិ៕
អត្ថបទដោយ កែវ ធាស្រ៊ុន