រាជធានីភ្នំពេញ៖ កិច្ចពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ៤ សីហា បានសម្រេចស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មី ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

នេះ​បើយោងតាមលទ្ធផលប្រជុំ ដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល អនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ។

វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ បានឆ្លងកាត់ការសិក្សា និង​ប្រជុំពិភាក្សាយ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀត​ដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី នាពេលនេះផងដែរ។

វិសោធនកម្មច្បាប់នេះបានធ្វើ ឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ហើយ ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា កិច្ចប្រជុំបានពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធ​នៃសេចក្តីព្រាងវិសោធនកម្ម​ច្បាប់​ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ​ សំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់​គោរព​ច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ឱ្យមក​នៅកម្រិតទាបបំផុត។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សា មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មី​នៃសេចក្តីព្រាង​វិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំណត់ល្បឿន​បើកបរ​នៅ​លើផ្លូវល្បឿនលឿន ចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន៕