សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានត្រៀមរួចរាល់ព្រះរាជក្រឹត្យដើម្បីថ្វាយព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩ តែនេះនៅមិនទាន់ជាជំហ៊ានដែលសម្ដេចតេជោត្រូវដើរនោះទេ។

ការលើកឡើងបែបនេះ បន្ទាប់ពីមានការរីករាលដាលនៃជម្ងឺកូវីដ១៩ជាលក្ខណៈសហគមន៍ ដែលមកត្រឹមថ្ងៃទី៦ ធ្នូ ចំនួននៃអ្នកវិជ្ជមានកូវីដថ្មីម្នាក់ទៀត ដែលចំនួននៃការឆ្លងនេះ ទាបជាងប៉ុន្មានថ្ងៃមុន ធ្វើឲ្យការឆ្លងជាសហគមន៍២៨វិច្ឆិកា សរុប៣០នាក់។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា "ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រៀងនូវអនុក្រឹត្យ ព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភារួចស្រេចទៅហើយ"។ នេះបើតាមសារសំឡេងរបស់សម្ដេច នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនចង់ដើរទៅដល់ជំហ៊ានបែបនេះទេ ព្រោះវានឹងធ្វើឲ្យសេដ្ឋកិច្ចគាំង និងប៉ះពាល់ដល់មុខរបររបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោ នៅបន្តជ្រើសរើសយកវិធានការផ្សេងៗ តាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាពិសេសបន្តអំពាវនាវ ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្តង តាមវិធានការដែលបានណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេចតេជោ៖ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហ៊ានបែបនេះនោះទេ ព្រោះវាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្តង។ ប្រសិនបើបិទប្រទេស ឬក៏បិទផ្នែកណាមួយរបស់ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ច។ ជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង៕