រាជធានីភ្នំពេញ៖ លទ្ធផលនៃការនាំចេញអង្ករ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៩៧ ៦៦០ តោន កើនឡើងប្រមាណ ១១៦ ១២២ តោនស្មើនឹង ៤១,២៥%ដែលធៀបទៅនឹងរយៈ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១ ៥៣៨ តោន ។
ដោយឡែកសម្រាប់ខែមិថុនា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៤១ ៥៦៣ តោនកើនឡើងចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១ ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន៨ ៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤ តោននិងអង្ករក្រហមមានចំនួន ២៣ តោន ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល៦ខែនេះ មានចំនួន ៥៦ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន,ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុនដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំ ដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩%, និងគោលដៅដ៏ទៃទៀត បានកើនឡើងចំនួន ៧៩,២៦% ៕