រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំពីការកែប្រែគម្លាតពេលវេលា នៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រវាងដូសទី១ និងដូសទី២ មករយៈពេល ២១ថ្ងៃវិញ។

ក្នុងលិខិតរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន ដែលបានចេញផ្សាយនាថ្ងៃទី១៣ ខែកក្កដា បានបញ្ជាក់ថា ការផ្លាស់ប្តូរពេលវេលាចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២នេះ ធ្វើឡើងដោយមានចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន ដោយយោងតាមរបាយការណ៍របស់គណៈប្រចាំការនៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្មីៗនេះ។

លោកជំទាវ ឱ វណ្ណឌីន បានណែនាំទៅប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវធ្វើការណែនាំជាបន្ទាន់ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យអនុវត្តន៍នូវគោលការណ៍ថ្មីនេះ(២១ថ្ងៃ) ដោយសារតែគោលការណ៍ពីមុនមានគម្លាតនៃការចាក់ដូសទី២ ត្រឹមតែ១៤ថ្ងៃ។

សូមជម្រាបជូនដែរថា មកត្រឹមថ្ងៃនេះ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជន ដែលមានវ័យពី១៨ឆ្នាំឡើង បានចំនួន ជាង៥លាននាក់ហើយ ដែលវ៉ាក់សាំងភាគច្រើនដែលត្រូវបានចាក់គឺប្រភេទ ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម៕