រាជធានីភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីទទួលនូវជំនួយជា វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូហ្វាមចំនួន ១០ម៉ឺនដូស ពីឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា តំណាងឲ្យ សមាគមជាតិកាកបាទក្រហមចិន ជូនដល់កាកបាទក្រហមកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម Wang Wentian បានថ្លែងក្នុងសុន្ទរកថាថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក បានរួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងសហគមន៍អន្តរជាតិ។ ក្រោយពីវ៉ាក់សាំងចិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំងក៏ដូចជាតាមការបញ្ជាទិញរបស់ភាគីកម្ពុជា។

 រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់វ៉ាក់សាំងដល់ភាគីកម្ពុជាចំនួនសរុប២២.៣លានដូស ដែលក្នុងនោះ៣.៨លានដូសជាជំនួយឥតសំណង។ វ៉ាក់សាំងដូសនិមួយៗបានបង្កប់មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។ ក្នុងនាមជាមិត្តដែកថែប ចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់ភាគីកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៖ ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយមនុស្សធម៌នូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ចំនួន ១០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា គឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន និងបង្ហាញអំពីទឹកចិត្តឈឺឆ្អាលប្រកបដោយមនសិការ ក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះ ខណៈដែលវ៉ាក់សាំង បានក្លាយជា ទំនិញយុទ្ធសាស្ត្រសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នៅទូទាំងពិភពលោក។ ជាងនេះទៅទៀត កាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពកាន់តែស្អិតរមួត និងឥតប្រួលប្រែជាយូរអង្វែង រវាងប្រទេសទាំង ២ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។

កាកបាទក្រហមកម្ពុជា នឹងប្រគល់វ៉ាក់សាំងទាំងនេះជូនទៅកាន់ក្រសួងសុខាភិបាល សម្រាប់ការងារចាក់វ៉ាក់សាំងក្នុងក្របខណ្ឌថ្នាក់ជាតិ។ ជឿជាក់ថាក្រោមការគាំទ្រយ៉ាងពេញទំហឹងពីមិត្តចិន កម្ពុជាប្រាកដជានឹងអាចយកឈ្នះលើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសយ៉ាងឆាប់រហ័ស។

ក្នុងថ្ងៃដដែលនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ក៏បានប្រគល់ដល់ក្រសួងការពារជាតិកម្ពុជាជំហានទី៣ ផងដែរ៕