សូមចុចចូល=>  Telegram  ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ មេសានេះ បានបង្ហាញពីករណីវិជ្ជមានកូវីដ១៩ មានចំនួន ១៥៧នាក់ និងអ្នកជាសះស្បើយ ៧២នាក់ និងអ្នកករណីស្លាប់៣នាក់ទៀត ដែលធ្វើឲ្យករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប២៩នាក់។

អ្នកស្លាប់ដោយសារកូវីដ១៩ទាំងបីនាក់ថ្មីនេះ៖

  • បុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ទីលំនៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល
  • ស្រ្ដីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ទីលំនៅ ភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង
  • បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំ ទីលំនៅ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ ពីករណីឆ្លងសហគមន៍២០កុម្ភៈ ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈដែលចំនួនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូ​ទាំងប្រទេស ទិន្នន័យចុងក្រោយ(យប់ទី១០មេសា) នៃការចាក់វ៉ាក់សាំងទូទាំងប្រទេសសរុបបាន ៩៧២ ០២៨នាក់។

សូមជម្រាបដែរថាបច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទគឺពី Sinopharm(១.៣លានដូស), Astra Zeneca(ជាង៣សែនដូស) និង Sinovac(១.៥លានដូស) ហើយរដ្ឋាភិបានបញ្ជាក់ថានឹងមានមកជាបន្តបន្ទាប់ទៀត ហើយវ៉ាក់សាំងចំនួនកន្លះលានដូសទៀតនឹងមកដល់ថ្ងៃទី ១៧មេសា។

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​ ២០៥២ នាក់ និងអ្នកដែលបានជាសះស្បើយ ២១៥២នាក់ ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេគឺរាជធានីភ្នំពេញ  ខេត្តកណ្ដាល ស្វាយរៀង ខេត្តព្រះសីហនុ​និងខេត្តព្រៃវែង។ ទីតាំងឆ្លងខ្លាំងដែលជាបណ្ដុំមនុស្សបានកើតមានគឺនៅផ្សារអូឬស្សី និងរោងចក្រ ឌីន ហាន រោងចក្រ Dilux ក្នុងពេលចុងក្រោយនេះ ។