រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២០ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស បានអញ្ជើញឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកជួបពិភាក្សា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ ចេញទាំងអស់ ឲ្យបានឆាប់ហើយបន្តរក្សាស្ថានភាពដើម មិនកែប្រែក្នុងតំបន់នោះរហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរ នៅតំបន់នោះដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាស ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងការបរទេស ស្ដីពីការ ការបោះបង់របស់វៀតណាមនៅតំបន់ព្រំដែន ក្នុងខេត្តកណ្ដាលជាប់នឹងខេត្តអានយ៉ាង(វៀតណាម) ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីកម្ពុជា បានផ្ញើកំណត់ទូតទៅវៀតណាម កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២០កន្លងមក អាជ្ញាធរវៀតណាម ក៏បានសន្យាថានឹងធ្វើការរុះរើតង់ ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ។ តែយ៉ាងណាក៏ដោយ រហូតដល់ថ្ងៃទី០១មិថុនា ឆ្នាំ២០២០ តង់របស់វៀតណាមទាំងនោះ មិនទាន់រើចេញនៅឡើយ៕