រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ជូនដល់ប្រទេសឡាវ។

ក្នុងខ្លឹមសារលិខិតថ្ងៃ១៤ វិច្ឆិកា ២០២០ សម្ដេចតេជោបានលើកឡើងថា "តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២លាន និងសម្ភារៈវិជ្ជសាស្រ្ដមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ"។

ការបរិច្ចាគនេះ បន្ទាប់ពីសម្ដេចតេជោទទួលបាន ការសួរសុខទុក្ខរបស់ឯកឧត្តម នាយករដ្ឋមន្រ្តីប្រទេសឡាវ លើបញ្ហាសុខភាពរបស់សម្ដេចតេជោ ខណៈដែលសម្ដេចកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ។

ខ្លឹមសារលិខិតបន្តលើកឡើងថា៖ "កាយវិការនេះបង្ហាញពីទំនាក់ទំនងដ៏ពិសេស និងមិត្តភាពដ៏ជិតស្និទក្នុងភាពជាបងប្អូនររវាងប្រទេសយើងទាំងពីរ"៕