រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៧ប្រទេស ក្នុងបរិមាណសរុប ២៣៣ ០៣១ តោន ដែលគិតជាទឹកប្រាក់ទទួលបាន ១៦៦.៨១ លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណអង្ករសរុបជាង ១២ម៉ឺនតោន ឬ ជិត៥២% ត្រូវបាននាំទៅកាន់ប្រទេសចិនរួមទាំង ហុងកុង និង ម៉ាកាវ ដែលគិតជាទឹកប្រាក់ ចំនួន ៧៧.៥២ លានដុល្លារសហរដ្ឋអាមេរិក។

ដោយសារតែវិបត្តិកូវីដ ១៩ វាបានប៉ះពាល់ដល់ចរន្តនៃលំហូរពាណិជ្ជកម្ម និង វិស័យផ្សេងដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលរួមមាន កង្វះខាតកុងតែន័រ និង ការឡើងថ្លៃដឹកជញ្ជូន ផ្លូវឆ្ងាយតាមសមុទ្រ ជាពិសេសគឺ សហគមន៍អឺរ៉ុប បានធ្វើឲ្យបរិមាណនៃការនាំចេញអង្ករ ជារួម បានធ្លាក់ចុះ ជាង ៣៤ភាគរយ ហើយទីផ្សារដែលប៉ះពាល់ធំជាងគេ គឺទីផ្សារសហគមន៍អឺរ៉ុប។

តម្លៃដឹកជញ្ជូនក្នុងត្រីមាសទី១ តាមសមុទ្រ ពីតំបន់អាស៊ីអាគ្នេយ៍ ទៅអ៉ឺរ៉ុប បានឡើងដល់ជិត ៨០០០ដុល្លារ/TEU ២០ហ្វីត ខណៈឆ្នាំ២០២០ តម្លៃដឹកជញ្ជូននេះទាបជាង ១៥០០ដុល្លារ។

បន្ថែមពីនេះ ការនាំចេញទៅប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ ជាង ២.០០០ តោន មកត្រឹមជាង ២០០ តោនផងដែរ ដោយតម្លៃដឹកជញ្ជូនបានឡើងពីជាង ២៥០០ដុល្លារ ដល់​១៤០០០ដុល្លារ/FEU ៤០ហ្វីត។