រាជធានីភ្នំពេញ៖ លោក ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាត AIPA លើកទី៤២ និងជាប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូស្សាឡាម បានប្រគល់តួនាទីប្រធានអាយប៉ា លើកទី៤៣ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃនេះ។
មហាសន្និបាតប្រចំាឆ្នាំ នៃអន្តរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោយបានដំណើរការមហាសន្និបាតរយៈពេលបីថ្ងៃមកនេះ។
ដោយសារមហាសន្និបាតលើកទី៤២ បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ការប្រផ្ទេរតួនាទីប្រធានប្តូរវេនអាយប៉ា ជូន សម្តេច ហេង សំរិន ធ្វើឡើងតាមរយៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសព្រុយណេដារូស្សាឡាម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហេង សំរិន អញ្ជើញទទួលញញួរអាយប៉ា ពី លោក ប៉េហីន ដាតូ អាបឌុល រ៉ាម៉ាន ទីប។
ក្នុងឋានៈជាប្រធានអាយប៉ាលើកទី៤៣ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា សភាកម្ពុជារង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លេខាធិការដ្ឋានអាយប៉ា ក៏ដូចជាសភាសមាជិកអាយប៉ា ព្រមទាំងបណ្តាប្រទេសជាដៃគូរនានា ដើម្បីបន្តពង្រឹងការងារល្អរបស់យើង និងធានាឱ្យសម្រេចបាននូវចក្ខុវិស័យ និងសេចក្តីប្រាថ្នារួមរបស់អាស៊ាន ជាពិសេសការសម្រេចឱ្យបាននូវសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន និងមានប្រជាជនជាស្នូល។