រាជធានីភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងក្នុងបណ្ដាញសង្គមថា៖ ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នឹងនាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ។
សម្ដេចតេជោ បានបន្ដលើកឡើងថា៖ ជាមួយនឹងការខិតខំរួមគ្នា ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕