រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បានប្រកាសពីការរកឃើញអ្នកមានករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង ចំនួន០១នាក់ ដែលជាករណីឆ្លងចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

ករណីឆ្លងដំបូងនេះ​ ត្រូវបានរកឃើញលើបុរសម្នាក់ ជនជាតិខ្មែរអាយុ ២៣ឆ្នាំ ដែលរស់នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការមើលថែសាច់ញាតិមកពីក្រៅប្រទេស ដែលមានផ្ទុកវិរុសបំប្លែងថ្មី អូមីក្រុង។ 

កន្លងមក ករណីវីរុសបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញតែលើអ្នកដែលធ្វើដំណើរពីក្រៅប្រទេសប៉ុណ្ណោះ បន្ទាប់ពីកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ច សង្គម ទាំងស្រុង រួមទាំងការបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញផងដែរ។

សូមជម្រាបជូនដែរថា គិតត្រឹមថ្ងៃ៩ មករា ២០២២ នៅកម្ពុជា តួលេខអ្នកបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី៣ មានចំនួនជិត ៤លាននាក់ ខណៈអ្នកដែលបានចាក់ដូសទី២ មានជាង ១៣.៨លាននាក់។