ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ខាងមុខ។
ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា បានពិភាក្សាត្រៀមរៀបចំកម្មវិធីនេះ ធ្វើយ៉ាងណាឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព ពិសេសការអនុវត្តស្តង់ដារអនាម័យបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងនៃការដំណើរការកម្មវិធី។
សូមជម្រាបថាទិវាគ្រូបង្រៀនត្រូវបានរៀបចំឡើងនាថ្ងៃទី៥ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្សានុសិស្សទាំងឡាយឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស ដែលពួកគាត់ជារៀមច្បងក្នុងការងារអប់រំបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការពារកសាង និងអភិវឌ្ឍមាតុភូមិលើគ្រប់វិស័យព្រមទាំងបាន និងកំពុងបំពេញការងារជាអ្នកអប់រំ និងជាអ្នកផ្ទេរចំណេះដឹងផងដែរ។
គួររំឭកផងដែរថា ទិវាគ្រូបង្រៀនដោយត្រូវបានផ្ដួចផ្ដើមជាលើកដំបូងនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៧ ដោយកំណត់យកថ្ងៃទី៥ ខែតុលា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាគ្រូបង្រៀននេះ៕
![](/upload/media/entries/2020-09/28/971-entry-1-1601251127.jpg)
![](/upload/media/entries/2020-09/28/971-entry-2-1601251127.jpg)