លោកគូយូសាគី - Robert Kiyosaki កើតនៅថ្ងៃទី 8 ខែមេសាឆ្នាំ 1947 នៅលើកោះហាវ៉ៃ គឺជាពាណិជ្ជករជនជាតិអាមេរិកមានដើមកំណើតជប៉ុន និងជាអ្នកនិពន្ធ។ គាត់បានចូលរួមក្នុងកងម៉ារីន ក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅទីក្រុងញូវយ៉ក និងបានទៅប្រទេសវៀតណាម ធ្វើជាអ្នកបើកបរឧទ្ធម្ភាគចក្រលើនាវាចម្បាំង ។បន្ទាប់ពីសង្គ្រាម លោក រ៉ូប៊ឺតបានទៅធ្វើការឱ្យក្រុមហ៊ុន Xerox Corporation និងនៅឆ្នាំ ១៩៧៧ លោកបានបង្កើតក្រុមហ៊ុនឈ្មោះ Rippers ។
មនុស្សជាច្រើនបានស្គាល់លោក Kiyosaki តាមរយៈស្នាដៃនៃនិពន្ធសៀវភៅហិរញ្ញវត្ថុ។ លោក ជាស្ថាបនិកក្រុមហ៊ុន Rich Dad ដែលជាក្រុមហ៊ុនអប់រំហិរញ្ញវត្ថុឯកជន ដែលផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុនិងការអប់រំពាណិជ្ជកម្មតាមរយៈសៀវភៅនិងវីដេអូ។ ប្រាក់ចំណូលសំខាន់របស់ក្រុមហ៊ុននេះគឺ មកពីការលក់សិទ្ធិធ្វើសិក្ខាសាលាដោយប្រើស្លាកយីហោរបស់លោក Kiyosaki ។
សៀវភៅ "Rich Dad Poor Dad" ដែលបានបោះពុម្ភផ្សាយក្នុងឆ្នាំ ២០០០ ជាសៀវភៅដែលដែលបានបកប្រែទៅជា៥១ ភាសានិងលក់បានជាង ២៧ លានច្បាប់ នៅទូទាំងពិភពលោក ។ សៀវភៅនេះ និយាយពី ឯករាជ្យភាពនៃហិរញ្ញវត្ថុនិងបង្រៀនដល់អ្នកអាន នូវសារៈសំខាន់នៃការបង្កើតទ្រព្យសម្បត្តិ តាមរយៈការវិនិយោគលើអចលនទ្រព្យ ការចាប់ផ្តើមអាជីវកម្ម ការកាន់កាប់មុខជំនួញ ការវិនិយោគលើទីផ្សារភាគហ៊ុន និងផ្សារទំនិញជាដើម។
ការវិនិយោគបែបនេះ ជាការសម្រេចបាននូវឯករាជ្យភាពហិរញ្ញវត្ថុពិតប្រាកដ ដោយមិនធ្វើការដើម្បីតែចាំបើកប្រាក់ខែ ពីមួយខែទៅមួយខែ។ សេរ៊ីនៃសៀវភៅ Rich Dad Poor Dad លក់បាន ១០លានច្បាប់ហើយក្លាយជាសៀវភៅលក់ដាច់បំផុត។
សៀវភៅបីក្បាលដំបូងរបស់គាត់គឺ "Rich Dad Poor Dad" “CASH FLOW Quadrant” និង "Guide to Investing” ក៏បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីអ្នកលក់ដាច់ជាងគេទាំង១០ នៅលើកាសែត Wall Street Journal, កាសែត USA Today និង កាសែត New York Times ។ ជោគជ័យនៃសៀវភៅទាំងនេះហើយ ដែលបានជំរុញឱ្យគាត់បន្ត និពន្ធសៀវភៅជាច្រើនទៀតជាង២០ក្បាល។
ពាក្យស្លោករបស់គាត់ “មូលហេតុចម្បងដែល មនុស្សជួបបញ្ហាផ្នែកហិរញ្ញវត្ថុគឺ ដោយសារតែពួកគេ បានចំណាយពេលជាច្រើនឆ្នាំនៅក្នុងសាលារៀនប៉ុន្តែមិនបានរៀនអ្វីសោះពីលុយ” - Robert Kiyosaki