ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានរកឃើញការឆ្លង ជំងឺកូវីដ-១៩នេះ បានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងស្រុកហើយ ដែលនេះ គឺជា រឿងដែល គួរឱ្យព្រួយបារម្ភ និងទាមទារឱ្យមានការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាជាទីបំផុត។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីមុនយើងរកឃើញថា អ្នកកើតជំងឺកូវីដ-១៩នេះ គឺសុទ្ធសឹងតែជាអ្នកនាំចូលមកពីខាងក្រៅ ហើយចម្លងមកអ្នកនៅក្នុងស្រុក។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពជំងឺនេះបានវិវត្តន៍ទៅជាដំណាក់កាលថ្មីទៀតគឺចម្លងពីអ្នកនៅក្នុងស្រុក ហើយអ្នកនៅក្នុងស្រុកបានចម្លងទៅអ្នកក្នុងស្រុក។ លោកជំទាវបានថ្លែងថា “បច្ចុប្បន្ននេះយើងរកឃើញករណីមួយចំនួនហើយដែលបានកើតឡើងសម្រាប់ជនបរទេសភាគច្រើន ហើយក៏មានការប៉ះពាល់ដល់ជនជាតិខ្មែររបស់យើងមួយចំនួនដែរ។ កន្លងមកនេះយើងតែងតែរកឃើញអ្នកឆ្លងសម្រាប់អ្នកនាំចូលមកហើយឆ្លងទៅម្នាក់ទៀតនៅក្នុងស្រុក។ ក៏ប៉ុន្តែឥឡូវយើងរកឃើញថាឆ្លងពីម្នាក់នៅក្នុងស្រុកហើយ ហើយអ្នកក្នុងស្រុកបានឆ្លងទៅម្នាក់ទៀតហើយ។”
ត្រង់ចំណុចនេះ លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វាជារឿងផុយស្រួយណាស់ប្រសិនបើការចម្លងនេះចេះតែរាតត្បាតបន្តទៅ ហើយយើងមិនមានលទ្ធភាពក្នុងការស្រាវជ្រាវរកប្រភពឱ្យបានច្បាស់លាស់នោះវាគឺជាការចម្លងនៅក្នុងសហគមន៍ហើយ។លោកជំទាវបានបន្ថែមថា ក្រសួងសុខាភិបាលកំពុងដុតដៃដុតជើងក្នុងការសិក្សា និងស្រាវជ្រាវឱ្យបានម៉ត់ចត់ជាទីបំផុតនូវករណីនានាដែលក្រសួងរកឃើញនៅក្នុងពេលថ្មីៗនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន