រាជធានីភ្នំពេញ៖ បន្ទាប់ពីជំនួយ វ៉ាក់សាំង Sinopharm ពីប្រទេសចិន ពេលនេះ​កម្ពុជា បានទទួលវ៉ាក់សាំងជាង ៣សែនដូសបន្ថែមទៀត តាមយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ក្នុងដំណាក់កាលទី១។

កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca/SII ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស បានដឹក និងប្រគល់ដល់ប្រទេសកម្ពុជា កាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ តាមរយៈមជ្ឈមណ្ឌល COVAX Facility របស់អង្គការសុខភាពពិភពលោក។

នេះគឺវ៉ាក់សាំងលើកដំបូង ដែលផ្តល់ដល់ប្រទេសកម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណជាច្រើនទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជា ជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ ដែលកម្ពុជា រំពឹងថានឹងទទួលបាន ២០%នៃចំនួនប្រជាជនសរុប ដែលប្រមាណជា ៧លានដូស ពីយន្តការនេះ។

សូមជម្រាបជូនដែរថា ប្រទេសចិនបានប្រកាសផ្ដល់ជាជំនួយវ៉ាក់សាំងការពារកូវីដ១៩ Sinopharm ចំនួន១លានដូសដល់កម្ពុជា ហើយមកទល់ពេលនេះ បានដឹកជញ្ជូនលើកទី១ចំនួន ៦សែនដូស។ សម្រាប់ដំណាក់កាលទី២ ៤សែនដូស នឹងមកដល់នាពេលឆាប់ៗខាងមុខនេះ៕