តើការហ្វឹកហាត់ការងារ(internship) កំឡុងពេលសិក្សា ក្នុងមហាវិទ្យាល័យ អាចផ្តល់ផលវិជ្ជមានអ្វីខ្លះ?
លោក ម៉ា ស៊ីថា ប្រធាននាយកដ្ឋាន ផ្នែកធនធានមនុស្សនៅផ្សារទំនើបសូរិយា បានអោយដឹងថា “ការហ្វឹកហាត់ការងារនេះ អាចផ្តល់អោយសិក្ខាកម្ម នូវចំណេះដឹង និងចំណេះធ្វើ ព្រោះការសិក្សាអាចអោយបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ ដូច្នេះ នៅពេលដែលគាត់ មកអនុវត្តផ្ទាល់ គាត់នឹងរៀនលើសពីអ្វី ដែលគាត់បានរៀននៅសាលា” ។
លោកបានបន្ថែមទៀតថា “ជាធម្មតា នៅតាមក្រុមហ៊ុននានា នៅពេលដែលគេជ្រើសរើសបុគ្គលិកគេតែងតែត្រូវការ អ្នកដែលធ្លាប់មានបទពិសោធន៍ និងមានជំនាញការងារស្រាប់ ដូច្នេះសំរាប់ពួកគាត់ ដែលធ្លាប់មានប្រវត្តិធ្វើការងារនោះ នឹងមានឱកាសច្រើន ក្នុងការទទួលតំណែងនោះ។ ហើយវាជាការងាយស្រួលផងដែរ ដែលគេមិនចាំបាច់ បង្ហាត់បង្រៀនជាមុនទៀតទេ។ ដូច្នេះតាមការសង្កេតមើលរបស់ខ្ញុំផ្ទាល់ សំរាប់អ្នកដែលបានបញ្ចប់ហត្ថកម្ម ហើយពេលទៅដាក់ពាក្យធ្វើការកន្លែងផ្សេងគឺជាប់”។
និយាយទាំងទឹកមុខញញឹម កញ្ញា ហៀមចិត្រា ដែលសព្វថ្ងៃជានិស្សិតឆ្នាំទី៤ ខាងប្រព័ន្ធផ្សព្វផ្សាយ ហើយក៏ធ្លាប់ជាសិក្ខាកម្មនៅបុស្ដិ៍វិទ្យុបារាំង(RFI) និង ផលិតកម្ម ហនុមានដែលនោះ បានអោយដឹងថា បន្ទាប់ពីបញ្ចប់ហត្ថកម្មហើយ កញ្ញាបានស្គាល់ពី ខ្លួនឯងច្បាស់ជាងមុន ទាំងអត្តចរិត ទាំងចំណង់ចំណូលចិត្ត។
កញ្ញាបានពន្យល់ថា «ការស្គាល់ពីខ្លួនឯងនេះ មានន័យថា ការស្វែងយល់ពីអ្វី ដែលខ្លួនចូលចិត្ត និងមិនចូលចិត្ត ដោយការសាកល្បងផ្ទាល់ និង ការសង្កេតមើលចិត្តមនុស្ស ដែលខ្លួនចូលចិត្តធ្វើការជាមួយ។ ធ្វើដូចនេះយើងនឹងអាចបង្កើតគោលដៅ មួយសំរាប់ខ្លួននាថ្ងៃមុខ បានស្រួលនៅពេលយើងចេញទៅធ្វើការ” ។
កញ្ញាក៏បានបន្ថែមទៀតថា វាជាឱកាសមួយដែលយើងជានិស្សិត អាចយកអ្វីដែលខ្លួនរៀនទៅសាកល្បងជាក់ស្តែង ក្នុងកន្លែងធ្វើការណាមួយ ទន្ទឹមនឹងគ្នានោះ និស្សិតក៏អាចយល់ដឹងពី ពិភពការងារខាងក្រៅកាន់តែច្រើន ដែលជាវិធីសាស្រ្តមួយ សំរាប់ពង្រឹងសមត្ថភាពខ្លួនឯង។
ជាមួយគ្នានោះផងដែរ អ្នកស្រី ហ៊ុន បូរមី ដែលជាប្រធានផ្នែក គោលនយោបាយនិងយុត្តនាការណ៍ ហើយក៏ជាអ្នកបង្ហាត់ អ្នកសិក្ខាកម្ម អង្គការក្រៅរដ្ឋាភិបាល Action aid Cambodia ដែរនោះ បានអោយដឹងថា “សំរាប់អ្នកដែលធ្លាប់មានបទពិសោធន៍ ទទួលបានការហ្វឹកហាត់ការងារពីមុនមក អាចនឹងមានអាទិភាពច្រើន ក្នុងការទទួលបានការងារធ្វើ ពីព្រោះវាអាចបញ្ជាក់បានថា បុគ្គលម្នាក់នោះ ធ្លាប់ប្រើប្រាស់ពេលខ្លួន ដើម្បីទទួលការអភិវឌ្ឍន៍ បង្កើនចំណេះដឹងផ្ទាល់ខ្លួន និងធ្លាប់ប្រឡូក នៅក្នុងការងារណាមួយ។ខ្ញុំផ្ទាល់ជឿជាក់ថាគាត់បានត្រៀមខ្លួនប្រសើរជាងមុន ក្នុងការដែលគាត់ក្លាយជា បុគ្គលិកនៅកន្លែងណាមួយ។
លោក សំរីណា ដែលធ្លាប់ជាសិក្ខាកម្មនៅឯអង្គការ Development Innovation និងបុស្ដិ៍វិទ្យុ Voice of America ដែលសព្វថ្ងៃលោកបានបញ្ចប់ការសិក្សា ថ្នាក់មហាវិទ្យាល័យ ហើយនោះ និយាយថា ការហ្វឹកហាត់នេះហើយ ដែលអាចអោយគាត់ដឹងការធ្វើការ មិនមែនងាយស្រួលដូចដែលខ្លួនគិតនោះទេ។មួយវិញទៀត វាជាពេលវេលាមួយ ដែលខ្លួនអាចដុះខាត់ជំនាញ ដែលខ្លួនចង់ធ្វើនាពេលអនាគត។ អ្វីដែលពិសេសនោះគឹលោកបានរៀន សូត្រច្រើនពី មិត្តរួមការងារ និងចាប់ផ្តើមមានភាពជឿជាក់ លើអ្វីដែលខ្លួនបានធ្វើផងដែរ។
លោកបន្ថែមទៀតថា វាពុំមានផលប៉ះពាល់អាក្រក់អ្វីទៅ ធ្វើការសិក្សានោះទេ ពីព្រោះការធ្វើហត្ថកម្មភាគច្រើន គឹធ្វើនៅក្នុងរដូវវិស្សមកាលនោះទេ ។
ទន្ទឹមនឹងនោះ លោក ស៊ីថា ក៏បានលើកទឹកចិត្ត ទៅកាន់និស្សិតថា «និស្សិតគួរចាប់ផ្តើមដាក់ពាក្យសំរាប់ការហ្វឹកហាត់បណ្តើរៗ ស្របពេលដែលខ្លួនកំពុងតែសិក្សា ព្រោះពួកគាត់ មិនត្រឹមតែទទូលបានចំណេះដឹងលើការងារនោះទេ ថែមទាំងទទួលបានចំណេះដឹងបន្ថែម ទៅលើទ្រឹស្តីដែលកំពុងសិក្សាផងដែរ។ មួយវិញទៀត វាអាចជួយពង្រឹងគុណភាព ទៅលើសមត្ថភាពខ្លួនផ្ទាល់ និងធ្វើអោយ វាមានតំលៃសំរាប់ថ្ងៃមុខ។ និស្សិតក៏អាចមានឱកាស ទទួលប្រាក់ខែបានខ្ពស់ផងដែរ ប្រសិនបើ ចេះពង្រឹងតំលៃខ្លួន»៕