ភ្នាក់ងារអចលនទ្រព្យមានតួនាទីសំខាន់ក្នុងដំណើរការនៃការទិញលក់អចលនទ្រព្យ ម្យ៉ាងក្នុងទិន្នាការបច្ចុប្បន្ន អ្នកទិញឬអ្នកលក់ តែងតែត្រូវការជំនួយពីឈ្មួញកណ្ដាលឬភ្នាក់ងារដែលមានអជ្ញាប័ណ្ណស្របច្បាប់ ដោយសុខចិត្តបង់ថ្លៃសេវាកម្ម ឬកម្រៃជើងសារ(Commission)។ ដូច្នេះការក្លាយជាភ្នាក់ងារអចលនទ្រព្យ អាចជាមធ្យោបាយដ៏ប្រសើរមួយ ដើម្បីអាចក្លាយជាអ្នកមាន។ ខាងក្រោមនេះ ជាវិធី៤យ៉ាង ដែលជួយជម្រុញឲ្យអាជីវកម្មជាភ្នាក់ងារអចលនទ្រព្យរបស់អ្នកបានជោគជ័យនិងក្លាយជាអ្នកមាន៖
១. បង្កើនមុខមាត់ក្នុងអាជីព
មិនថាអ្នកមានសមត្ថភាពឬជំនាញប៉ុណ្ណានោះទេ អតិថិជនជាច្រើននៅតែវិនិច្ឆ័យអ្នក តាមរូបរាងខាងក្រៅ មុននឹងយល់ដឹងច្បាស់ពីអ្នក ដោយមើលទៅភាពស្រស់ស្អាត អត្តចរិត នៅពេលនិយាយអំពីអាជីពភ្នាក់ងារអចលនទ្រព្យ ការស្លៀកពាក់ខោអាវ ស្បែកជើង សំលៀកបំពាក់ ការតុបតែងខ្លួន ត្រូវមើលទៅឲ្យសាកសមជាអ្នកមានវិជ្ជាជីវៈ កាន់ទ្រព្យធំៗ។
ការមាននូវគេហទំព័រ កាតអាជីវកម្ម និងប័ណ្ណផ្សព្វផ្សាយ ការិយាល័យផ្ទាល់ខ្លួនជាដើម ត្រូវរចនានិងដាក់ស្លាកសញ្ញាប្រកបដោយវិជ្ជាជីវៈ។ នេះមានសារៈសំខាន់ ជាពិសេសប្រសិនបើអ្នកជាភ្នាក់ងារអចលនៈទ្រព្យលើទ្រព្យដែលប្រណីតៗ ដែលទាក់ទងជាមួយអ្នកទិញឬអ្នកលក់ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
២. រៀនពីរបៀបទំនាក់ទំនង
ក្នុងវិស័យអចលនទ្រព្យ គឺអ្នកត្រូវធ្វើការជាមួយមនុស្សដូច្នេះ អ្នកត្រូវដឹងពីរបៀបដែលធ្វើទំនាក់ទំនងជាមួយអតិថិជន ដែលអាចនាំឲ្យការលក់មានប្រសិទ្ធិភាព។ មានចំណេះដឹងក្នុងផ្នែកនេះ ជាទ្វារសម្រាប់អ្នកបង្កើតនូវទ្រព្យតាមរយៈ អតិថិជនដែលទទួលបានការណែនាំបន្ថែមពីម្នាក់ទៅម្នាក់។
នេះមិនសំដៅថា លើការនិយាយប៉ុណ្ណោះទេ គឺមានរួមបញ្ចូលនូវកាយវិការផងដែរដើម្បីទទួលបាននូវការទាក់ទាញនឹងចំណាប់អារម្មណ៍ និងទំនុកចិត្តពីអតិថិជន។
៣. ប្រើប្រាស់នូវបច្ចេកវិទ្យាដែលអាចទាញបាននូវផលប្រយោជន៍
វិស័យនេះមានការផ្លាស់ប្ដូរលឿនណាស់ ហើយដើម្បីអាចទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យនេះអ្នកក៏ត្រូវតាមដាននូវការ Updateពីបច្ចេកវិទ្យា តាមដានព័ត៌មាន អត្ថបទស្រាវជ្រាវ ជាពិសេសគឺ Blogដែលនិយាយពីអចលនទ្រព្យ។
រៀនពីការប្រើនូវកម្មវិធីបច្ចេកវិទ្យាផ្សេងៗដែលអាចផ្ដល់ទិន្នន័យ និងការវិភាគបានត្រឹមត្រូវជាងមុន ងាយស្រួលនិងផ្ដល់ជម្រើសច្រើនតាមទីតាំងប្រភេទ កាលបរិច្ឆេទនៃអចលនទ្រព្យ និងអាស័យដ្ឋានដើម្បីទំនាក់ទំនងជាដើមក្នុងពេលវេលាដ៏លឿនបំផុត។
៤. ចូលរួមក្នុងសហគមន៍របស់អ្នក
ការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ដែលអ្នករស់នៅ នឹងជួយអ្នកក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកទីនោះ ក៏ដូចជាពង្រីកចំណេះដឹងបន្ថែមអំពីទីតាំងផ្សេងៗគ្នា។ នេះក៏នឹងធានាបាននូវបណ្ដាញអតិថិជនថ្មី ដែលអាចបង្កើនបាននូវការលក់ទៀតផង។
ការចូលរួមក្នុងសហគមន៍នេះ អ្នកអាចចូលជា ការងារស្ម័គ្រចិត្តឬផ្ដល់នូវការចែករំលែកចំណេះដឹង ចូលរួមក្នុងការឧបត្ថម្ភលើគម្រោងសង្គមណាមួយជាពិសេសលើវិស័យដែលអប់រំអចលនទ្រព្យ ជាដើមដែលមានបណ្ដុំនៃអ្នកដែលចង់អភិវឌ្ឍន៍ខ្លួន៕