សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្នុង​ការ​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​ទូ​ទៅតែង​កើត​មាន​នូវ​ ការ​ខ្វែង​គំនិត​គ្នា រហូត​ពេល​ខ្លះ​ក្លាយ​ជា​ ទំនាស់ ឬ​ហៅ​ថា​វិវាទ​ នៅ​ក្នុង​ភាសា​ច្បាប់ ​ដែល​​ពេល​ខ្លះ​​ត្រូវ​ឈាន​ដល់​ការ​ដោះ​ស្រាយទៅ​តាម​​វិធី​ក្រៅ​ប្រព័ន្ធ​តុលាការ ឬ​ទៅ​ដល់​តុលាការ​ក៏​មាន។ តាម​រយៈ​ការ​ពន្យល់​ណែ​នាំរៀប​ចំ​ដោយ លោក​ សំ សត្យា អនុប្រធាន​នាយកដ្ឋាន​កិច្ច​ការ​រដ្ឋ​បាល និង​នីតិកម្ម នៃ​រដ្ឋបាល​ជល​ផលបាន​ចែក​រំលែក​អំពី​ដើម​ហេតុ​ចម្បង​ឱ្យ​មាន​ទំនាស់​កើត​ឡើង និង​និយម​ន័យ​នៃ​ ទំនាស់​ឬ​​ហៅ​ថា វិវាទ​ ជា​លម្អិត​សម្រាប់​ស្វែង​យល់​ដូច​ខាង​ក្រោម​៖

***និយម​ន័យ​ពាក្យ​ទំនាស់​ និង​វិវាទ​៖

ពាក្យ​"ទំនាស់​"កំណត់​ថា៖ ដំណើរ​​ សេចក្តី​​ អំពើ​ដែល​ទាស់​ដែល​​ផ្ទុយ​គ្នាដែល​​ទី​ទៃ​ពី​គ្នា​ទៅ​ជា​ទំនាស់​។

-ជា​​ភាព​ខុស​គ្នា​រវាង​ជំនឿ​គំនិត​ ឬ​ការ​ចាប់​អារម្មណ៍​​រវាង​​មនុស្ស​ពីរ​នាក់ ​ឬ​ច្រើន​ជាង​ដែល​ធ្វើ​​ឱ្យ​កើត​មាន​បញ្ហា​។

-ជា​ដំណើរ​​ការ​នៃ​ការ​ចាប់​ផ្តើម​ក្នុង​ពេល​ដែល​ភាគី​ម្ខាង​​យល់​​ឃើញ​ថា ភាគី​ម្ខាង​ទៀត​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជា​អវិជ្ជមាន​​មក​លើ​ខ្លួន​។

-ជា​ភាព​ចម្រូង​ចម្រាស់​មួយ​ក្នុង​ចំណោម​ភាគី​ពីរ​  (អត្មានិយម) ដើម្បី​សម្រេច​​ឱ្យ​បាន​គោល​បំណង ​ឬ​ទទួល​បាន​ផល​ប្រយោជន៍​រៀង​ៗ​ខ្លួន​។​

ពាក្យ​"វិវាទ​"កំណត់​ថា៖ ជា​ដំណើរ​ទាស់​ទែង​គ្នាដំណើរ​ឈ្លោះ​ប្រកែក​គ្នាមាន​វិវាទ​​ កើត​វិវាទ​​នឹង​គ្នា​។

សង្ខេប​​មក​ពាក្យ​"ទំនាស់ ​ឬ​វិវាទ​"គឺ​ជា​ដំណើរ​ដែល​ផ្ទុយ​គ្នាទាស់​ទែង​គ្នា​ ឬ​ឈ្លោះ​គ្នាហើយ​បង្ក​​ឱ្យ​​មាន​ទំនាស់​ ឬ​វិវាទ​កើត​ឡើង​។

***មូល​ហេតុ​សំខាន់​ៗ​​​នាំ​ឱ្យ​កើត​មាន​ទំនាស់​​មាន​ដូច​ជា៖

  • ភាព​ក្រី​ក្រ និង​តម្រូវ​ការ​

  • ចំណេះ​ដឹង​ និង​អំណាច

  • ការ​ប្រកួត​ប្រជែង​ និង​សេដ្ឋកិច្ច​

  • មនោគម​វិជ្ជា ជំនឿ សាសនា និង​ទំនៀម​ទម្លាប់​

  • ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​

.ភាព​ក្រី​ក្រ​៖ជា​ដើម​ហេតុ​មួយ​ដែល​បង្ក​ឱ្យ​មនុស្ស​មាន​ទំនាស់ ​ឬ​វិវាទ ជា​មួយ​គ្នាជា​ពិសេស​​រវាង​អ្នក​ក្រនិង​អ្នក​​ក្រ។​

.តម្រូវ​ការ​៖ បាន​ធ្វើ​ឱ្យ​មនុស្ស​មាន​ទំនាស់​ ឬ​វិវាទ​ជា​មួយ​​គ្នា​ឥត​ឈប់​ឈរ​ព្រោះ​មហិច្ឆតា​របស់​មនុស្ស​​ពុំ​អាច​កំណត់​បាន​។

.ចំណេះ​ដឹង​៖ ជា​ប្រភព​នៃ​ទំនាស់​ ឬ​វិវាទព្រោះ​អ្នក​មាន​ចំណេះ​ដឹង​ទាប​តែង​តែ​ទទួល​រង​នូវ​ឥទ្ធិពល​ពី​អ្នក​មាន​ចំណេះ​ដឹង​ខ្ពស់​ជាង ​ហើយ​ទី​បំផុត​​អ្នក​មាន​ចំណេះ​ដឹង​ក្លាយ​ជា​ជន​រង​គ្រោះ​។

.អំណាច​៖ អំណាច​ដែល​សម្រេច​ដោយ​អត្តនោម័ត​ និង​ពុំ​បាន​គិត​គូ​គ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយ​សម្បជញ្ជៈ ជា​មូល​ហេតុ​បង្ក​ឱ្យ​មាន​ទំនាស់​ ឬ​វិវាទ​កើត​ឡើង​។

.ការ​ប្រកួត​ប្រជែង​៖ ការ​ប្រកួត​ប្រជែង​​បាន​បង្ក​ឱ្យ​​មាន​ទំនាស់ ​ឬ​វិវាទ​កើត​ឡើង​ពី​ព្រោះ​គោល​បំណង​នៃ​​ការ​ប្រកួត​ប្រជែង ​គឺ​ដើម្បី​ឈ្នះ​-ចាញ់ដូច្នេះ គេ​ត្រូវ​ប្រើ​​កល​ល្បិច​តាម​គ្រប់​មធ្យោបាយ។​

Image

.សេដ្ឋកិច្ច​៖ សេដ្ឋ​កិច្ច​ដែល​ពុំ​មាន​តុល្យ​ភាពបាន​បង្ក​ឱ្យ​មាន​ទំនាស់ ​ឬ​វិវាទ​កើត​ឡើងពី​ព្រោះ​មាន​អ្នក​សេដ្ឋកិច្ច​ខ្ពស់​តែង​តែង​កេង​ប្រវ័ញ្ច ​អ្នក​ដែល​រណប​ខ្លួន ជា​ពិសេស​អ្នក​ដែល​មាន​សេដ្ឋ​កិច្ច​ទាប​ជាង​។

.មនោគម​វិជ្ជាជំនឿ​ ឬ​សាសនា​៖

ជា​និច្ច​កាលតែង​មាន​ទំនាស់​​ ឬ​វិវាទ​កើត​ឡើង​ពី​ព្រោះ​ម្នាក់​ៗ​​តែង​ប្រកាន់​ថារបស់​ខ្លួន​ត្រឹម​ត្រូវ​ និង​​ល្អ​ជាង​ របស់​អ្នក​ដទៃ​​ទៀត​ជា​និច្ច​។

.ទំនៀម​ទម្លាប់​៖ អ្វី​ដែល​មនុស្ស​ជឿ​ជាក់​មនុស្ស​​នឹង​ប្រតិបត្តិ​តាម​។ ប៉ុន្តែ​​ករណី​មាន​មនុស្ស​ផ្សេង​ៗ​ទៀតមក​កែ​ប្រែ​ទំនៀម​ទំលាប់​របស់​ខ្លួន​ទី​បំផុត​ ទំនាស់ ​ឬ​វិវាទ​ត្រូវ​តែ​កើត​ឡើង​។ រហូត​ដល់​មាន​ពាក្យ​បុរាណ​ខ្មែរ​មួយ​ពោល​ថាទម្លាប់​ធំ​ជាង​ច្បាប់​។

.ធន​ធាន​ធម្មជាតិ

ជា​ធន​ធាន​ដែល​កើត​ឡើង​ដោយ​ឯក​ឯង​ និង​ជា​កម្មសិទ្ធិ​រួម​របស់​មនុស្ស​ជាតិ​។ ហេតុ​នេះ​ហើយការ​ប្រើ​ប្រាស់​​ធន​ធាន​ធម្មជាតិ​តែង​តែ​មាន​​ការ​ប្រណាំង​ប្រជែង​គ្នាដណ្តើម​ផល​ប្រយោជន៍​គ្មាន​ទី​បំផុត​ទៅ​តាម​មហិច្ឆតា​របស់​ខ្លួន​រៀង​ៗ​ខ្លួន ចុង​ក្រោយ​បញ្ហា"ទំនាស់ឬ​វិវាទ"ត្រូវ​បាន​កើត​ឡើង​៕