(អត្ថបទផ្សាយឡើងវិញ)
កញ្ញាលំអរពេជ្រ ជានិស្សិត បញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងជាផលិតករភាពយន្តវ័យក្មេងម្នាក់និងមានអាជីព ជាអ្នកដឹកនាំថត ខ្សែភាពយន្តនៅក្នុងអង្គការ BBCMedia Action ដែលជាកម្មវិធីអប់រំយុវជនកម្ពុជាមួយ ដែលគេស្គាល់ថាជាកម្មវិធីស្នេហ៍៩។
យូគីជាយុវនារី ឈានមុខម្នាក់ក្នុងការងារសង្គម និងមានទស្សនៈស្រលាញ់ថែរក្សាវប្បធម៌បុរាណកាលពីកំពុងសិក្សាក្នុងឆ្នាំ៤ នាងបានធ្វើសារណាមួយ ដើម្បីបញ្ចប់ឆ្នាំសិក្សាដែលជាប្រធានបទទាក់ទងនឹងទស្សនីយភាពល្ខោនស្បែកតូច និងស្បែកធំ ហើយតាមរយៈការស្រាវជា្រវនេះបានប្រែក្លាយទៅជាកម្មវិធីប្រចាំឆ្នាំ ដ៏មានប្រជាប្រិយក្នុងចំណោមយុវជនដែលកំពុងសិក្សាក្នុងទីក្រុងភ្នំពេញ មិនតែប៉ុណ្ណោះ ភាពល្បីល្បាញរបស់បុណ្យភូមិបានក្លាយជាឱកាសដ៏ប្រសើររបស់សិល្បៈករ ខ្មែរបុរាណនិយម មានមោទនៈភាព នឹងបានបង្ហាញនូវសមត្ថភាពសម្តែងលើឆាក ដើម្បីបំពេរអារម្មណ៍ទស្សនិជន រាប់ពាន់នាក់ក្នុងឱកាសបុណ្យភូមិនេះ។
កញ្ញាដ៏ស្រស់សោភាម្នាក់នេះក៏បន្តថា៖«បុណ្យភូមិបានក្លាយនិមិត្តរូប នៃការបង្ហាញទស្សនីយភាព របាំ និងល្បែងប្រជាបិ្រយបុរាណខ្មែរដែលបច្ចុប្បន្ន យើងកម្រមានឱកាសលេងល្បែងប្រជាប្រិយខ្មែរ កម្សាន្តជាមួយមិត្តភ័ក្ត្រមុនពេលចូលឆ្នាំបានងាយស្រួលឡើយ»។ កញ្ញាក៏លើកឡើងដែរថា ម្យ៉ាងបុណ្យភូមិជាឱកាសសម្រាប់យុវជនដែលរៀននៅភ្នំពេញ មានពេលជួបជុំលេងកម្សាន្ត មុនពេលចូលឆ្នាំមកដល់រីឯពេលចូលឆ្នាំមកដល់ ជាពេលសម្រាប់គ្រួសារដើរលេងកម្សាន្តវិញម្តង។
មុននឹងមានការទទួលស្គាល់និងការរីកសាយនៃកម្មវិធីបុណ្យភូមិ ដោយសារបុណ្យភូមិជាកម្មវិធីមហោស្រពថ្មីតែបង្ហាញផ្ទាំងទស្សនាយភាពចាស់ៗ និងគ្មានឆាកធំទូលាយ គ្មានតារាល្បីសម្តែងគ្មានការឧបត្ថម្ភនានា ពិសេសនៅឆ្ងាយពីទីក្រុងថែមទៀត យូគី បានប្រាប់ថា៖«ឆ្នាំដំបូង យើងបានដើរសុំការឧបត្តម្ភគាំទ្រដែរ តែម្ចាស់ក្រុមហ៊ុនមួយចំនួនថាមិនអាចទៅរួចទេ តែយើងគិតថា ទោះយ៉ាងណាក៏យើងត្រូវតែសាកល្បង ទោះបីជាយើងមានធនធានតិចតួចយើងធ្វើតាមធនធានរបស់យើងតែម្តងទៅ»។ ដោយមានការរាប់អានច្រើន និងការចូលរួមទាំងថវិកាទាំងស្មារតី និងការស្ម័គ្រចិត្តពីយុវជន យូគី ក៏បន្តការងារបង្កើតបុណ្យភូមិដើម្បីជាប្រយោជន៍នៃសារណាបញ្ចប់ការសិក្សា ព្រមទាំងបង្ហាញថា ផ្ទាំងទស្សនីយភាពបុរាណខ្មែរនៅតែមានប្រជាប្រិយ ក្នុងដួងចិត្តប្រជារាស្រ្តខ្មែរគ្រប់ស្រទាប់វណ្ណៈ។
ជាលទ្ធផល បុណ្យភូមិក៏បន្តយ៉ាងរលូននិងកាន់តែមានប្រជាប្រិយ និងកាន់តែមានការគាំទ្រកាន់តែច្រើន ដែលលើសពីការរំពឹងទុក។ភាពជោគជ័យរបស់បុណ្យភូមិ សម្រាប់ យូគី ជាការចូលរួម ពីសំណាក់បងប្អូនខ្មែរទាំងក្មេងទាំងចាស់និងការទទួលស្គាល់ ពីសារៈសំខាន់ នៃការចែករំលែកស្នាមញញឹម ជូនគ្នាទៅវិញមក។
កញ្ញា យូគី បានលើកឡើងថា៖«ខ្ញុំក៏មិននឹកស្មានថា មានការចូលរួមច្រើនកុះករបែបនេះសោះ ព្រឹកឡើងមកដល់វត្តស្រាប់តែឃើញមនុស្សម្នារមកយ៉ាងច្រើន ហើយយើងក៏បន្តបុណ្យភូមិ តាំងតែពីមួយថ្ងៃរហូតដល់បីថ្ងៃនិងមកដល់ពេលនេះជាលើកទី៣»។
ការសម្រេចកម្មវិធីបុណ្យភូមិដោយជោគជ័យបែបនេះក៏ដោយសារការព្យាយាម និងមិនរាថយនឹងឧបសគ្គ ការផ្តាច់ជ្ញាចិត្តនិងភាពជឿជាក់ ថែមទាំងការចេះប្រើប្រាស់ធនធាន ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពជាពិសេសដើម្បីជៀសវៀងការសោកស្តាយ និងការបោះបង់ចោលអ្វីដែលយើងកំពុងធ្វើយូគី បានផ្ដល់ជាគំនិតថា៖ «សូមកុំយកថវិកាផ្ទាល់ខ្លួន មកធ្វើកម្មវិធីបែបនេះព្រោះមានបញ្ហាខ្លះកើតឡើងអាចធ្វើឱ្យយើងខកចិត្តខ្លាំង»។
យ៉ាងណាមិញ បើនៅតែចង់បង្កើតកម្មវិធីកម្សាន្តលក្ខណៈគ្មានផលចំនូលចឹង ចូរកុំរំពឹងពីការជោគជ័យខ្លាំងពេក កញ្ញា យូគីក៏បន្តថា៖ «បុណ្យភូមិ ជាប្រយោជន៍សម្រាប់អ្នកចូលរួម មានឱកាសទស្សនាមហោស្រពនិងការសម្តែងដោយឥតគិតថ្លៃ ហើយប្រយោជន៍ ជាប្រភពថវិកា ភាគច្រើនទៅដល់អ្នកលក់ដូរក្នុងកម្មវិធីតែអ្នករៀបចំកម្មវិធី បានត្រឹមតែរៀបចំកម្មវិធីជោគជ័យ តែគ្មានម្នាក់ណាទទួលចំនូលពីកម្មវិធីនេះឡើយ»។ តួយ៉ាងបុណ្យភូមិ បន្តដំណើរការបានរលូន ជាការរួមចំនែកយ៉ាងធំពីការឧបត្ថម្ភនិងក៏ដោយសារការជ្រំជ្រែង របស់ក្រុមការងារស្ម័គ្រចិត្តគ្រប់គ្នា ដោយមិនបានគិតពីចំនូលមកវិញឡើយហើយមួយផ្នែកទៀត នៃការផ្សព្វផ្សាយគឺបណ្តាញសង្គមហ្វេសបុក ព្រមទាំងវិទ្យុផ្សាយសម្លេងABCកម្ពុជា នេះបើតាមការបកស្រាយរបស់កញ្ញា យូគី៕
ដោយ សេង ធី