យើងសឹងគ្រប់គ្នា ដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃការញ៉ាំទឹកជាប្រចាំថ្ងៃ ដែលការទទួលបានជាតិទឹកគ្រប់គ្រាន់ គឺបានជួយសារពាង្គកាយយើងមានសុខភាពប្រសើរមិនងាយឈឺ។ តែយ៉ាងណាមិញ យើងសង្កេតឃើញថា ជាទម្លាប់ប្រចាំថ្ងៃភាគច្រើនគ្នាយើង ក្រោយនឿយហត់ពីធ្វើការពិសេសរដូវក្តៅតែងជ្រើសយកទឹកត្រជាក់ថែមទឹកកក ដើម្បីបំបាត់ការស្រេកនិងភាពហត់អស់កម្លាំង។ យើងអាចចាប់អារម្មណ៍ចំណុចខ្លះ នៃសីតណ្ហភាពទឹក ដែលយើងញ៉ាំតើមានឥទ្ធិពលយ៉ាងណាមកលើសុខភាព? ដោយហេតុចំណុចនេះត្រូវបានអ្នកជំនាញសុខភាពនៅប្រទេសឥណ្ឌា លើកឡើងដូចខាងក្រោម៖
១.ទឹកត្រជាក់មានឥទ្ធិពលលើប្រព័ន្ធរំលាយអាហារយើង
ទឹកត្រជាក់ក៏ដូចជាភេសជ្ជៈត្រជាក់ៗមួយចំនួន នឹងមានឥទ្ធិពលច្រើនលើសរសៃឈាម ក៏ដូចជារាំងទប់នូវដំណើររំលាយអាហារតាមធម្មជាតិក្នុងរាងកាយមនុស្ស។ ហេតុផល ក៏ដោយសារនៅពេលញ៉ាំទឹកត្រជាក់ធ្វើឱ្យរាងកាយយើង ជម្រុញចលនាប្រតិកម្មរាងកាយឱ្យរក្សាសីតណ្ហភាពក្នុងខ្លួនធ្វើឱ្យបង្អាក់ដំណើររាងកាយស្រូបយកជីវជាតិចិញ្ចឹមក្នុងពេលរំលាយអាហាររបស់យើង។ ដូចនេះ ពេលយើងញ៉ាំទឹកត្រជាក់ក្រោយពេលញ៉ាំអាហាររួច នឹងធ្វើឱ្យរាងកាយយើងប្រើថាមពលច្រើនក្នុងពេលតែមួយ។
២.បន្ថយអត្រាចង្វាក់បេះដូង
តាមការសិក្សាជាច្រើនបង្ហាញចំណុចមួយគួរកត់សម្គាល់ គឺសីតណ្ហភាពត្រជាក់នៃទឹកជ្រាបចូលរាងកាយនឹងធ្វើឱ្យសរសៃប្រសាទតូចៗ (Vagus Nerve) ដែលមានតួនាទីសំខាន់ពាក់ព័ន្ធស្ទើរគ្រប់ផ្នែកនៃរាងកាយរងឥទ្ធិពល ធ្វើឱ្យដំណើរការពួកវាខ្សោយ ហើយថែមទាំងបន្ថយនូវអត្រាចង្វាក់បេះដូងក្នុងរាងកាយផងដែរ។
៣.រាងកាយពិបាកទទួល
ញ៉ាំទឹកត្រជាក់ភ្លាមៗក្រោយពេលនឿយហត់អស់កម្លាំងខ្លាំងគួរតែចៀសវាង នេះបើតាមការលើកឡើងរបស់អ្នកជំនាញផ្នែករាងកាយ និងគ្រូបង្ហាត់កីឡានៃប្រទេសឥណ្ឌា។ ការណែនាំគឺគួរញ៉ាំទឹកសាបសីតណ្ហភាពធម្មតា(ឧណ្ហៗ)។ នេះក៏ព្រោះថារាងកាយឡើងកម្តៅសីតណ្ហភាពខ្លាំងក្រោយបំពេញការងារ ឬហាត់កីឡា ហើយការទទួលទានទឹកត្រជាក់ នឹងធ្វើឱ្យក្រពះ ពោះវៀននិងផ្នែកផ្សេងៗនៃរាងកាយពិបាកទទួលយកភ្លាមៗ ហើយអាចធ្វើឱ្យសេរីរាង្គក្នុងខ្លួនឈឺនៅថ្ងៃក្រោយទៀតផង។
៤.ទាក់ទងនឹងជំងឺទល់លាមក
ការញ៉ាំទឹកក្នុងសីតណ្ហភាពធម្មតា គឺមានសារសំខាន់ សម្រាប់ដំណើរប្រព័ន្ធរំលាយអាហារ។ តែយ៉ាងណា សីតណ្ហភាពនៃទឹកត្រជាក់ត្រូវគេរកឃើញថា ជាហេតុផលដែលប៉ះពាល់ដំណើរធម្មជាតិនោះ។ នេះក៏ដោយសារទឹកត្រជាក់ នឹងបង្កឱ្យអាហារដែលយើងទទួលបានក្លាយជាល្បាយខាប់ពិបាករលាយ នៅពេលឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ពិសេសនៅត្រង់ចំណុចពោះវៀនតូចដែលហានិភ័យនៃជំងឺទល់លាមកអាច នឹងកើតមានផងដែរ៕