ការបំពាក់ឧបករណ៍ហាត់ប្រាណ សម្រាប់ឆ្លៀតហាត់ប្រាណនៅកន្លែងធ្វើការ ឬក្នុងបរិស្ថានការងារ ថ្មីៗនេះត្រូវបានការសិក្សាមួយបង្ហាញឱ្យដឹងថា បានជួយទៅដល់សុខភាពបេះដូងនិងសរសៃឈាម ដល់ទៅ១០%មិនត្រឹមតែប៉ុណ្ណោះ បានជួយទាំងបង្កើនថាមពលស្វាហាប់សម្រាប់ការងារទៀតផង។
ការសិក្សាស្រាវជ្រាវ ធ្វើឡើងដោយក្រុមការងារស្រាវជ្រាវសាកលវិទ្យាល័យ Stirling ចក្រភពអង់គ្លេស បានពិសោធទៅលើបុគ្គលិកធ្វើការ២៥នាក់ និងជាអ្នកស្ម័គ្រចិត្តក្នុងការពិសោធ។ អ្នកស្ម័គ្រចិត្តទាំង២៥ ត្រូវបានបំបែកជាពីរក្រុម ដោយពាក់កណ្តាលនៃពួកគេ ត្រូវចូលក្នុងកម្មវិធីឆ្លៀតហាត់ប្រាណ ក្នុងពេលការងារឯចំណែកអ្នកផ្សេងៗ នៅធ្វើការតាមធម្មតា។ ក្នុងគោលបំណងនេះអ្នកស្រាវជ្រាវចង់ដឹង និងប្រៀបធៀបអំពីបម្រែបម្រួល ដែលនឹងត្រូវកត់សម្គាល់សម្រាប់អ្នកឆ្លៀតហាត់ប្រាណ ពេលការងារនិងក្នុងបរិស្ថានការងារ ដោយប្រើរង្វាស់ (VO2 max) ដែលតាមដានសំខាន់ទៅលើសួត អុកស៊ីហ្សែនក្នុងរាងកាយ បេះដូង និងសាច់ដុំក្នុងពេលធ្វើចលនាហាត់ប្រាណ។
ជាលទ្ធផលបានបង្ហាញថា អ្នកធ្វើការ ដែលឆ្លៀតហាត់ប្រាណ ក្នុងកម្មវិធីដែលបានអនុវត្តការហាត់ប្រាណលើឧបករណ៍ បានប្រហែល៨នាទី ២ដង/១សប្តាហ៍ និងអស់រយៈពេល៦សប្តាហ៍ ឬបានឆ្លៀតហាត់ប្រាណនៅអំឡុងពេលបំពេញការងារ គឺមានVO2 max កើនឡើងប្រហែល១០%ដែលនេះ ស្មើនឹងការបន្ថយនូវអត្រាជំងឺបេះដូងបាន ១៥%។
ការឃើញពីបម្រែបម្រួលនោះ គឺដោយសារចលនាឈាម និងអុកស៊ីហ្សែន បានសកម្មក្នុងរាងកាយជួយឱ្យពួកគេមានសុខភាពល្អ និងមានរាងកាយសមសួន ហើយជាពិសេសនោះគឺអ្នកស្រាវជ្រាវរកឃើញថា អ្នកចូលរួម បង្ហាញភាពរីករាយ ថាសកម្មភាពនោះពួកគេអាចធ្វើបាន ងាយស្រួល និងធ្វើដោយភាពរីករាយ ដែលកត្តាទាំងនេះជួយទៅដល់គុណភាពការងារពួកគេ បានយ៉ាងស្វាហាប់ដោយថាមពលផងដែរ។
ជាលទ្ធផលរួម ក្រុមអ្នកស្រាវជ្រាវបានបង្ហាញលទ្ធផលចុះផ្សាយក្នុងព្រឹត្តិបត្រសុខភាពអង់គ្លេស BMCថា ការឆ្លៀតហាត់ប្រាណបានត្រឹមរយៈពេល ៨នាទី បានពីរទៅបីដង/១សប្តាហ៍ គឺបានចូលរួមចំណែកជាប្រយោជន៍ដល់សុខភាពបេះដូងនិងកាត់បន្ថយអត្រាជំងឺបេះដូងបានរហូតដល់១៥%ព្រមទាំងបន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ ទៀតផង៕