មិនមានមនុស្សច្រើនទេ ដែលអាចសម្រេចបាននូវគោលបំណងរបស់ខ្លួនដើម្បីក្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យនោះការទៅដល់់ចំនុចនេះគឺវាពិបាក ហើយអ្នកដែលទៅដល់ក៏មិនអាចគ្មានវិន័យសម្រាប់ខ្លួនឯងដែរ។
ពេលដែលអ្នកឃើញនរណាម្នាក់សម្រេចអ្វីមួយបានធំ ផ្នត់គំនិតមួយនឹងនាំឲ្យអ្នកអាចគិតថាគេជាមនុស្សទេពហើយ សំណាងជាប់មកជាមួយគាត់ទេដឹង សាងពីជាតិមុនជាដើម តែជាក់ស្ដែង គាត់ជាមនុស្សធម្មតាម្នាក់ដែលខំធ្វើការទាំងយប់ទាំងថ្ងៃ ដែលកំណត់ឲ្យគាត់សម្រេចបានអ្វីលើសពីមនុស្សធម្មតា។
ខាងក្រោមនេះ ជា៥ចំនុចខ្លី ដើម្បីជាគន្លឹះក្នុងការពិចារណា ក្នុងការក្លាយជាអ្នកដឹកនាំម្នាក់ជាមួយនឹងការមានវិន័យក្នុងខ្លួន៖
១ កំណត់អ្វីដែលជាអាទិភាព៖ ពេលដែលអ្នក បែងចែកបាននូវអ្វីដែលសំខាន់ ចាំបាច់នោះអ្នកនឹងមានពេលដកខ្លួនចេញពីកិច្ចការដែលមិនសំខាន់ ហើយនឹងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកដើរតាមអ្វីដែលអ្នកគិតថា សំខាន់។
២ យកវិន័យ ជាបែបបទនៃជីវិតប្រចាំថ្ងៃ៖ ការគិតថា វិន័យគឺត្រឹមមួយអាទិត្យ ១ខែ ឬ១ឆ្នាំនោះមិនមែនទេ។ អ្នកត្រូវមានវិន័យជាប្រចាំ ដើម្បីឲ្យវាក្លាយជា ទម្លាប់មួយក្លាយជាប្រព័ន្ធក្នុងខ្លួនមួយ របស់អ្នកដែលត្រូវប្រើជាប្រចាំ។ នោះវានឹងក្លាយជាចំនុចពិសេសរបស់អ្នកដែលគេមើលដឹងថា សកម្មភាពនោះគឺជាអ្នក។
៣ ប្រឈមជាមួយលេសដោះសារ៖ ការយកលេសដោះសារមកជាមួយ នោះវិន័យមិនអាចទៅមុខរួច។ មានន័យថាពេលអ្នកធ្វើអ្វីមួយមិនបានដូច ការកំណត់វិន័យ អ្នកនឹងលើកយកលេសណាមួយ មិនចេះអស់ដែលសមស្របមកទម្លាក់មុខ ហើយគេចចេញពីកំហុស ឬការទទួលខុសត្រូវ។ អ្នកត្រូវតែ លុបបំបាត់នូវលេសនេះចេញឲ្យបាន។
៤ អត់ រហូតដល់សម្រេចការងារបាន៖ ឃ្លាមួយត្រូវបានគេនិយាយថា បើគ្មានវិស័យក្នុងខ្លួនទេអ្នកនឹងញាំបង្អែម ជាងបន្លែ។ អ្នកចង់បានរបស់ដែលផ្អែម ជាងអ្វីដែលជូរចត់និងមិនងាយស្រួលក្នុងការញាំ។ ពាក្យចាស់លោកពោលថា នឿយមុន ស្រណុកក្រោយ ជាឃ្លាដែលសមសម្រាប់ចំនុចទី៤នេះ។ អ្នកត្រូវតែមានវិន័យមួយថា អ្នកនឹងទទួលបានការជប់លៀងធំមួយ ពេលការងារចប់។
៥ ផ្ដោតលើលទ្ធផល ជាងផ្ដោតលើការលំបាក៖ ការផ្ដោតលើការងារដែលលំបាកនៅតាមផ្លូវឆ្ពោះទៅសម្រេចគោលដៅ វានឹងធ្វើឲ្យអ្នកអាក់ដំណើរ អាណិតខ្លួនឯង ឆាប់រាថយអាចថាហត់មុននឹងចេញដំណើរ។ ការមើលទៅលើគោលដៅដែលនឹងសម្រេច នោះជាកម្លាំងចិត្តដ៏ធំដែលត្រូវជម្នះរាល់ឧបសគ្គដែលមានតាមផ្លូវ ហើយរកវិធីដោះស្រាយបញ្ហាដែលសមស្របជាអ្វីដែលត្រូវធ្វើ៕