ចំណែកខ្លះក្នុងជីវិត អ្នកអាចសង្កេត និងសម្គាល់មើលបានដោយខ្លួនឯងវាជាការពិតក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃដែលចំណុចទាំងនោះត្រូវបានគេលើកឡើងដើម្បីដាស់តឿនស្មារតីមនុស្សក្នុងសង្គមបច្ចុប្បន្ន។ ៥ចំណុចនៃការពិតនោះមានដូចខាងក្រោម៖
១.គ្មាននរណាម្នាក់ស្រលាញ់ច្រើននិងពិតប្រាកដដូចឪពុកម្តាយអ្នកឡើយ
ជារឿងធម្មជាតិចំណងម្តាយឪពុក និងកូនៗ គឺមិនអាចកាត់ផ្តាច់បាន ហើយក្តីស្រលាញ់ដែលពិតប្រាកដទោះបីពេលខ្លះ កូនបានធ្វើខុស គឺមានឪពុកម្តាយទេ ដែលចាំការពារកូនៗទោះបីដឹងថាកូនបានប្រព្រឹត្តកំហុសឆ្គងណាមួយក៏ដោយ។ ហេតុដូចនេះ ការរាប់អាន ក្តីស្រលាញ់ពីមិត្តភក្តិ ឬអ្នកផ្សេងៗ អាចស្ថិតកម្រិតមួយប៉ុន្តែក្តីស្រលាញ់អ្នកគុណទាំងពីរ គឺធំធេងមិនអាចវាស់វែងបានឡើយ។
២. សង្គមបច្ចុប្បន្នអ្នកមិនសូវធូរធារ ក៏គេមិនសូវឱ្យតម្លៃទៅ តាមនោះដែរ
គេអាចសង្កេតជាទូទៅ បានឃើញថាអ្នកពុំសូវមានធនធាន សូម្បីការនិយាយស្តី ការចូលរួមផ្សេងៗ គឺភាគច្រើន គេពុំសូវឱ្យតម្លៃឬរាប់រកឡើយ។ ដោយហេតុសម័យបច្ចុប្បន្ន សង្គមភាគច្រើនឱ្យតម្លៃលើប្រាក់កាសច្រើនទឹកចិត្តមនុស្ស។
៣. មនុស្សពុំសូវឱ្យតម្លៃលើគំនិតល្អៗទេ ប៉ុន្តែរូបរាងដែលស្អាតតែលក្ខណៈខាងក្រៅទៅវិញ
បច្ចុប្បន្ន មនុស្សច្រើនឱ្យតម្លៃខ្លាំងទៅលើលក្ខណៈរូបរាងខាងក្រៅ ជាជាងចំណេះដឹង សុជីវធម៌ ការអប់រំ គំនិតល្អៗនៅក្នុងខ្លួននរណាម្នាក់។ភាគច្រើនបំផុតដោយគេយល់លក្ខណៈខាងក្រៅ ស្អាត គឺដើម្បីអ្នកមើលពីខាងក្រៅ ស្ញើចសរសើរ ឬលើកតម្កើងមុខមាត់ខ្លួន។
៤.មនុស្សសម័យឥលូវគោរពលុយ ច្រើនជាងគោរពបុគ្គលណាម្នាក់
ពិតមែនលុយជាតម្រូវការចាំបាច់សម្រាប់ចំណាយក្នុងការរស់នៅ ប៉ុន្តែក្នុងករណីភាគច្រើន ការឱ្យតម្លៃហួសហេតុទៅ លើទឹកប្រាក់ធ្វើឱ្យមនោសញ្ចេតនាមនុស្សរវាងមនុស្សបាត់បង់ បងប្អូនទៅ ជាគេងប្រវ័ញ្ចលើសាច់ញាតិខ្លួនឯងបុគ្គលជាអ្នកគួរឱ្យគោរពបែរជាទទួលបានភាពឆ្មើងឆ្មៃពីមនុស្សភាគច្រើនទៅ វិញ។នេះជាបញ្ហាដ៏ធំមួយផងដែរ បើយើងពិចារណា។
៥. បុគ្គលដែលអ្នកស្រលាញ់បំផុត បើអ្នកជួបសំណាងមិនល្អគេក៏ធ្វើឱ្យអ្នកឈឺចាប់បំផុតផងដែរ
ក្នុងស្ថានភាពឬករណីមិនល្អខ្លះដែលអ្នកជួបប្រទះ ឬជាពាក្យសាមញ្ញងាយយល់ហៅ ថា ស៊យគឺមនុស្សដែលអ្នកស្រលាញ់បំផុត ករណីខ្លះក៏ធ្វើឱ្យអ្នកឈឺចាប់បំផុតបានដែរ។ដូច្នេះការបើកបេះដូងផ្តល់ក្តីស្រលាញ់នោះ អ្នកក៏ធ្លាប់ផងដែរថា គឺទុកក្តីស្រលាញ់ខ្លះសម្រាប់ខ្លួនឯងផងនិងមិនអាចលះបង់ទាំងអស់ពីពោះនោះទេ៕