ស្បែកជាផ្នែកមួយដ៏សំខាន់ចំពោះមនុស្សគ្រប់រូប មិនថាជាប្រភេទស្បែកស ស្បែកខ្មៅ ឬស្បែកលឿងរមៀតនោះទេ យើងត្រូវតែការពារពីការរលាកឱ្យបានល្អបំផុត។ ចំពោះស្បែកដែលបានជួបប្រទះជាមួយការ រលាកដោយកម្ដៅថ្ងៃរួចមកហើយ យើងមានវិធីសាស្ត្រមួយចំនួនខាងក្រោមនេះ​​ ឱ្យអ្នកកំពុងជួបបញ្ហាសាកល្បងបាន៖

១.ខាត់ស្បែក

ក្នុងការខាត់ស្បែកមានគ្រឿងផ្សំ ក៏ដូចជាវិធីសាស្រ្តមួយចំនួនដែលប្រើសម្រាប់ស្បែកធម្មតា យើងមិនអាចយកមកប្រើប្រាស់លើស្បែកដែលកំពុងរលាកនោះទេ។ ឧទាហរណ៍ដូចជា ការខាត់ស្បែកដែលមានសារធាតុកាត់ និងសារធាតុគីមី ព្រោះវិធីទាំងនោះនឹងធ្វើឱ្យស្បែកកាន់តែខូចលើសដើម។ របៀបខាត់ស្បែកអ្នកត្រូវយកតាមបែបធម្មជាតិ១០០% ដូចជាអំពិសទុំ ផ្លែម្នាស់ ទឹកដោះគោ និងផ្លែក្រូចឆ្មារជា ដើម។ ជាពិសេសជ្រើសរើសយករូបមន្តដែលជួយឱ្យស្បែកមានសំណើម។ ហើយអ្នកអាចរកមើលពីរបៀបធ្វើនៅក្នុង YouTube  បាន។

២.ស្រូបយកពន្លឺព្រះអាទិត្យ នៅពេលព្រឹក

ថ្វីត្បិតតែស្បែករបស់អ្នក ទទួលរងការរលាកដោយសារកម្ដៅព្រះអាទិត្យក៏ពិតមែន ប៉ុន្តែគឺមិនដូចគ្នាជាមួយពន្លឺកាំរស្មីនៅពេលព្រឹកនោះឡើយ។ យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យអ្នកដែលមានបញ្ហាស្បែកដូចជា ជម្ងឺរបកស្បែក ជម្ងឺខាន់លឿង មុនលើស្បែក និងជម្ងឺស្បែកផ្សេងៗទៀត ឱ្យងាកមកហាលថ្ងៃនៅពេលព្រឹកឱ្យបានច្រើន។ ពីព្រោះពន្លឺ និងកម្ដៅព្រះអាទិត្យបានចូលរួមកាត់បន្ថយបញ្ហាស្បែកនោះបានល្អផងដែរ។

៣.កាប្រើឡេដើម្បីផ្ដល់សំណើមស្បែក

បើទោះបីជាបច្ចុប្បន្នមានឡេ ដែលអ្នកលក់ជាច្រើនបានប្រាប់ថាផលិតផលរបស់ខ្លួន អាចជួយព្យាបាលស្បែកពីការរលាកក៏ដោយ ប៉ុន្តែអ្នកត្រូវតែមានការណែនាំបានត្រឹមត្រូវពីអ្នកជំនាញស្បែក ថាស្បែករបស់អ្នកអាចទទួលយកការប្រើប្រាស់ឡេប្រភេទអ្វី។ ដើម្បីឱ្យស្បែកបានត្រឡប់មកភ្លឺរលោងឡើងវិញ និងមិនបកទៅរកបញ្ហារលាកនោះម្ដងទៀតយ៉ាងពិតប្រាកដ។

៤.ផ្តល់ឱ្យស្បែកនូវអាហារបំប៉នល្អៗ

ជាការពិតណាស់ ប្រសិនបើអ្នកព្យាយាមថែរក្សាស្បែក តាមវិធីសាស្រ្តគ្រប់បែបយ៉ាងពីខាងក្រៅហើយ នៅតែគ្មានប្រសិទ្ធភាព នោះគឺបណ្ដាលមកពីការកង្វះខាតនូវអាហារបំប៉នដល់ស្បែក។ ការព្យាបាលស្បែកពីខាងក្នុងពិតជាសំខាន់ណាស់ ក៏ប៉ុន្តែត្រូវបានមនុស្សមួយចំនួនបានភ្លេចរាល់ចំណុចទាំងនេះ។ ដូច្នេះហើយសូមអ្នកត្រឡប់ទៅជួយឱ្យស្បែក បានប្រសើរតាមរយៈការបរិភោគវិញម្ដង។

៥.ការពារស្បែកពីកម្ដៅថ្ងៃខ្លាំង

ការការពារពីកម្ដៅព្រះថ្ងៃ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះស្បែករបស់អ្នកបានរលាកដោយសារតែកម្ដៅព្រះអាទិត្យ ឬដោយសារតែការប្រើប្រាស់ផលិតផលខុស ទើបធ្វើឱ្យស្បែកងាយរងប្រតិកម្មជាងស្បែកធម្មតា។ អ្នកអាចប្រើវិធីសាស្រ្តផ្សេងៗដើម្បីការពារស្បែកបាន ដូចជាត្រូវពាក់អាវក្រៅ ដែលជិតល្អ ពាក់មួក បាំងឆ័ត្រក្រោមពន្លឺថ្ងៃខ្លាំង និងលាបឡេការពារកម្ដៅថ្ងៃក៏បានដូចគ្នា។

យ៉ាងណាមិញ ប្រសិនបើស្បែកអ្នករងការរលាករួចហើយនោះ អ្នកអាចសាកល្បងវិធីសាស្រ្តទាំង៥ចំណុច ខាងលើនេះបាន។ ក៏ប៉ុន្តែដើម្បីទទួលបានលទ្ធផលល្អ គឺវិធីទាំង នេះត្រូវការឱ្យអ្នកមានការអត់ធ្មត់ និងចំណាយពេលបន្ដិច ទើបមានប្រសិទ្ធភាពខ្ពស់៕