ការតស៊ូមតិ (debate) ជាវេទិកា​អប់រំយ៉ាងមានសារៈសំខាន់ ដែល​គេអាចទាញយកផលប្រយោជន៍ជាគំនិតដោះស្រាយបញ្ហាសង្គមសំខាន់ៗ តាមរយៈការប្រឈមគ្នានៃគំនិត​។

ដើម្បីយកឈ្នះការតស៊ូមតិបាន ស្ថាប័នអប់រំ​ការតស៊ូមតិអន្តរជាតិ (IDEA) បានបញ្ជាក់ថា គូភាគីទាំងអស់ចាំបាច់ត្រូវតែចេះប្រើប្រាស់ទិន្នន័យដើម្បីគាំទ្រដល់អំណះអំណាងរបស់ខ្លួនឱ្យបានល្អ។ បន្ថែមពីលើនេះអ្នកតស៊ូមតិក៏ចាំបាច់ត្រូវតែមានទិន្នន័យជាច្រើនផ្សេងទៀត ដើម្បីការពារខ្លួនពីការវាយប្រហាររបស់គូភាគីនិង​ដើម្បីជំរុញគំនិតឱ្យកាន់តែស៊ីជម្រៅ។

ការប្រើប្រាស់ទិន្នន័យដើម្បី​យកឈ្នះ​ការតស៊ូមតិ មាន៤ដំណាក់កាលសំខាន់ៗគឺ៖

១. ដកស្រង់ទិន្នន័យខ្លឹម

នៅលើពិភពលោកយើងនេះមានទិ​ន្នន័យជាច្រើនលានទំព័រ ហេតុនេះ​អ្នកតស៊ូមតិអាចនឹងវង្វេង​ក្នុងគំនរអត្ថបទ ឬប្រភពព័ត៌មាន។ ដើម្បីធានាថាយើងអាច​ប្រើប្រាស់ទិន្នន័យឱ្យបានល្អ អ្នកតស៊ូមតិគួរចេះសម្រាំងយកទិន្នន័យណាដែលមានគុណភាពយកមកប្រើប្រាស់ ហើយបោះចោលទិន្នន័យណាដែលគ្មានគុណភាព និងមិនត្រឹមត្រូវ។

ដើម្បីធានាថា​ទិន្នន័យរបស់យើងជាទិន្នន័យដែលមានគុណភាព​ យើងគួរចេះមើល​ប្រភពកាលបរិច្ឆេទ ស្ថាប័នផ្សព្វផ្សាយនិងធាតុផ្សំមួយចំនួនទៀត ដែលស្ថាប័នរបស់យើងធ្លាប់បានផ្សព្វផ្សាយកន្លងមករួចមកហើយ។

២.បែងចែកទិន្នន័យទៅតាមប្រភេទដើម្បីគាំទ្រប្រធានបទ

បន្ទាប់ពី ទទួលបានទិន្នន័យហើយ អ្នកតស៊ូមតិត្រូវតែចេះបែងចែក​ទិន្នន័យទាំងអស់នោះទៅតាមប្រភេទផ្សេងៗគ្នាដើម្បីចាប់យកចំណុចគោល​មកបកស្រាយ ដោយសារតែពេលវេលានៃការតស៊ូមតិមានកំណត់មិនអាចយកមកបកស្រាយទាំងអស់នោះទេ។

៣. ស្មានគំនិតក្រុមបដិសេធនឹងប្រធានបទ

អ្នកតស៊ូមតិដែលឆ្លាត គឺជាអ្នកដែលអាចគ្រប់គ្រងទិន្នន័យបានល្អដោយអាចត្រៀមទាំងទិន្នន័យផ្ទាល់ខ្លួន និងស្មានដឹងទាំងទិន្នន័យនៃគូភាគី។ ការធ្វើបែបនេះនឹងធ្វើឱ្យយើងដឹងច្បាស់ពីលំហូរនៃគំនិត ក្នុងការតស៊ូតិដើម្បីងាយយកប្រៀប​លើគូភាគីម្ខាងទៀត។

៤.ចាប់ចំណុចគន្លឹះ ឬត្រៀមទិន្នន័យយកឈ្នះ

អ្នកតស៊ូមតិដ៏ឆ្លាតវៃអាចនឹងរកឃើញចំណុចខ្ទាស់គ្នារវាងក្រុមទាំងសងខាង។ ទិន្នន័យមួយចំនួនអាចនឹងមិន​សមស្របសម្រាប់ការបកស្រាយតែអាចសមសម្រាប់ការឆ្លើយសំណូរ ឬសម្រាប់​បញ្ចូលនៅផ្នែកណាមួយដើម្បីយកឈ្នះលើគូភាគីទៅតាមស្ថានភាពជាក់ស្តែង។ ហេតុនេះអ្នកគួរចេះត្រៀមទិន្នន័យប្រភេទនេះឱ្យបានល្អដើម្បីធានាពីសុវត្ថិភាពនៃភាពជោគជ័យរបស់អ្នកក្នុងការតស៊ូមតិ៕