សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
នៅពេលមួយដែលអ្នកចំណាយពេលមើលទារកនិងមានតួនាទីនៅចាំមើលក្មេងៗ អ្នកនឹងអាចសង្កេតឃើញរបៀបរបបខ្លះទៅតាមធម្មជាតិរបស់ពួកគេ។ ហើយចំណុចទាំងនោះក៏បានបង្រៀនទៅដល់អ្នកដែលជាមនុស្សធំផងដែរដែលក្នុងនាមអ្នកជាប៉ាជាម៉ាក់ ជាពូ មីងមើលថែកូនក្មួយ។ ជាមួយគ្នានេះ លោកស្រី Fetell Leeដែលជាអ្នកម្តាយជនជាតិអាមេរិកាំងមួយរូបបានចែករំលែកជាគំនិតសម្គាល់មួយចំនួន៖
១.ភាពរីករាយនៃសកម្មភាពដដែលៗ
តើអ្នកធ្លាប់សម្គាល់មើលឃើញទេ ទារកនៅពេលដែលអ្នកប្រឡែងលេងជាមួយគេនូវសកម្មភាពមួយឧទាហរណ៍អ្នកធ្វើជាភ្ញាក់ឱ្យគេសើច ឬអ្នកធ្វើមើលអត់ឃើញគេនោះអ្នកនឹងសង្កេតឃើញថាគេរីករាយនឹងសកម្មភាពដដែលនោះនិងនៅតាមសង្កេតមើលអ្នកដោយភាពរីករាយ។ ត្រឡប់មកវិញអ្នកនឹងឃើញដោយខ្លួនអ្នកថានៅរាល់ពេលអ្នកជួបបទពិសោធណាមួយដដែលៗ តែអ្នកក៏នៅតែអាចរីករាយដោយសារអ្នកនឹងបានសង្កេតឃើញចំណុចថ្មីៗពីអ្វីដដែលនោះដោយសារការផ្តោតការយកចិត្តទុកដាក់លើវា។ ជាការជាក់ស្តែងក្នុងជីវភាពរស់នៅទូទៅដូចអ្នកហាត់យ៉ូហ្គាឬមួយហាត់រាំ គ្រូរាំច្រើនប្រាប់ថាកាយវិការនេះ នៅតែថ្មីសម្រាប់កូនសិស្សបើទោះបីអ្នកបានហាត់ធ្វើដដែលរាប់រយដងក៏ដោយ ដែលនេះសម្តៅជាខ្លីគឺការយកចិត្តទុកដាក់សង្កេតលើអ្វីមួយដែលជាចំនុចខ្វះខាតរហូតអ្នកអាចធ្វើបានដោយភាពត្រឹមត្រូវ និងប្រសើរឡើង។
២.អារម្មណ៍ផ្លាស់ប្តូរលឿន
អ្នកអាចសម្គាល់ឃើញថាអារម្មណ៍ក្មេងៗផ្លាស់ប្តូរលឿនហើយពេលខ្លះពុំមានអ្វីធ្វើឱ្យគេចាប់អារម្មណ៍ឡើយដែលនេះអាចជាសញ្ញាថាគេឃ្លាន ឬងងុយគេងប៉ុន្តែពួកគេនឹងត្រឡប់មករីករាយឡើងវិញ។ ចំណុចនេះអ្នកអាចស្វែងយល់ពីលក្ខណៈវេជ្ជសាស្រ្តថា ខួរក្បាលរបស់ទារកគឺនៅទម្រង់កំពុងវិវឌ្ឍនៅឡើយដូចនេះអារម្មណ៍របស់ពួកគេបញ្ចេញមកខាងក្រៅគឺលឿនដោយពុំមានឆ្លងកាត់ការវិភាគដូចខួរក្បាលដែលបានវិវឌ្ឍពេញលេញដូចមនុស្សធំនោះទេ។យ៉ាងណាមិញ ចំណុចនេះគឺបង្រៀនយើងថាក្នុងកម្រិតមួយដែលតានតឹងខ្លាំងការដកឃ្លាចេញពីស្ថានភាពតានតឹងខ្លះគឺអាចជួយអ្នកឱ្យបានប្រសើរឡើងវិញសម្រាប់សកម្មភាពប្រចាំថ្ងៃ។ ឧទាហរណ៍អ្នកអស់កម្លាំងខ្លាំងអ្នកអាចសម្រាកបន្តិចញ៉ាំទឹក ឬ ទឹកផ្លែឈើស្រស់មួយកែវនឹងអាចជួយឱ្យយើងផ្តោតលើគោលដៅឡើងវិញដោយអារម្មណ៍ស្រស់ស្រាយ។
៣.អ្វីៗមានពេលវេលារបស់វា
ប្រហែលធ្លាប់មានពិសោធឃើញថាកូនក្មេងនៅពេលអ្នកទិញកាដូឱ្យគេនូវរបស់ថ្មីមួយគេនឹងស្រលាញ់ពេញចិត្តហើយលេងវា។ ប៉ុន្តែនៅថ្ងៃមួយអ្នករៀបចំទុកដាក់របស់លេងចាស់ៗឱ្យគេហើយគេឃើញរបស់ចាស់មួយដោយចៃដន្យអ្នកអាចឃើញគេស្រាប់តែពេញចិត្តនឹងចូលចិត្តលេងរបស់នោះឡើងវិញមិនលែង។ ដល់ចំណុចនេះបើយើងត្រឡប់មកមនុស្សធំវិញអ្នកអាចឃើញថាចំណាប់អារម្មណ៍របស់អ្នកនៅលើអ្វីមួយឬការស្វែងយល់ពីអ្វីមួយដែលកើតមានជាហូរហែរ ប៉ុន្តែដល់ពេលមួយអ្នករកឃើញថាអ្នកធ្លាប់មានគោលដៅអ្វីមួយហើយពេលនោះអ្នកជឿជាក់ថាអ្នកបន្តធ្វើវាឱ្យជោគជ័យឡើងវិញគឺជារឿងសំខាន់ផងដែរ។ ចំណុចនេះគឺបានបង្រៀនយើងថាគោលដៅខ្លះគឺអ្នកមិនបានបោះបង់វាចោលទេគ្រាន់តែពុំទាន់ដល់ពេល ឬមានពេលវេលារបស់វាហើយបើអ្នកពិតជាស្រលាញ់ពិតប្រាកដមែនអ្នកនឹងមិនបោះបង់ឡើយ៕