ក្នុង​នាម​ជា​ឪពុក​ម្តាយ ពេល​​ខ្លះ​ត្រូវ​​​រវល់​ខ្លាំង ត្រូវ​ធ្វើ​ការ​ផង​​ហើយ​ត្រូវ​ជាប់​កាតព្វកិច្ច​មើល​​កូន​ៗ​​ផង ដើម្បី​ជីវភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ។ទន្ទឹម​នឹង​​ភាព​ចាំ​បាច់​ត្រូវ​ធ្វើ​​នោះ ប៉ា ​ម៉ាក់​ ក៏​ត្រូវ​នាំ​​កូន​​ៗទៅ​កន្លែង​ធ្វើ​ការ​ជា​មួយ​ផង ប៉ុន្តែ​​ជា​មួយ​នឹង​សកម្មភាព​នោះត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​ បង្ហាញ​ថានឹង​ផ្តល់​ប្រយោជន៍​​រយៈ​ពេល​​វែង​​ទៅ​ដល់​ទាំង​​ឪពុក​ម្តាយ កូន​ៗដោយ​កត្តា​សម្ព័ន្ធភាព​គ្រួសារ​​ និង​បំនិន​ជីវិត​ ដែល​មាន​ដូច​ខាង​ក្រោម​៖

១. បង្រៀន​ឱ្យ​កូន​យល់​ពី​​តម្លៃ​នៃ​ការ​អង្កេត​ស្វែង​យល់​ទូ​ទៅ

តាម​​​ប្រភព​ទស្សនាវដ្តី​ស្រាវជ្រាវ Forbes បាន​ឱ្យ​ដឹង​ថាការ​នាំ​កូន​តូច​ៗ​ទៅ​ដល់​ បរិស្ថាន​កន្លែង​ការងារ ធ្វើ​ការ​ឬ​​កន្លែង​បំពេញ​សកម្មភាព​​រក​ចំណូល​ដើម្បី​ទ្រ​ទ្រង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ គឺ​ប្រៀប​បាន​បង្រៀន​ និង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ពួក​គេឱ្យ​យល់​ខ្លះ​ៗ​នូវ​សកម្មភាព​ជំនាញ​មួយ​ ឬ​ភាព​ប៉ិន​ប្រសប់​មួយ​នៃ​ការងារហើយ​ធ្វើ​ឱ្យ​គេ​ចេះ​ស្វែង​យល់​នូវ​ សកម្មភាព​ផ្សេង​ៗ​ទៀត នៅ​ពេល​ដែល​គេ​ជួប​ប្រទះ​នៅ​ពេល​ពួក​គេ​ធំ​ឡើង​។ 

២. បង្រៀន​ឱ្យ​​កូន​​ៗ​​ឱ្យ​យល់​ពី​ពេល​​លំបាក​​របស់​ប៉ា​ និង​ម៉ាក់​

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនាញ​សិក្សា កូន​ៗ​តូច​ ពិត​ជា​ចង់​ដឹង​​ចង់​ឮពី​រឿ​ង​រ៉ាវ​ប្រចាំ​ថ្ងៃ​របស់​​ម៉ាក់ និង​ប៉ា​​របស់​ពួក​គេ។ ដូច​នេះ​ការបង្ហាញ​ឱ្យ​អូន​ៗ​ ឃើញ​ពី​​ពេល​​​វេលា​​នៃ​ការ​បំពេញ​ការងារដែល​ត្រូវ​ប្រឈម​នឹង​ភាព​​លំបាក ទៅ​ដល់​កូន​​ៗ នឹង​​បង្ហាញ​ឱ្យ​គេ​ចេះ​ស្វែង​យល់​នូវ​ ការ​លះ​បង់និង​ភាព​អត់​ធន់​នឹង​​វេលា​លំបាក និង​តួ​នាទី​​ដោះ​ស្រាយ​បញ្ហា​​ របស់​ប៉ា​និង​ម៉ាក់​ ពេល​ជួប​​បញ្ហា​។ ហើយ​​សកម្មភាព​នេះ នឹង​​មាន​ឥទ្ធិពល​​និង​គំរូ​ល្អ​​ដល់​ពួក​គេ ​ក្នុង​រយៈ​ពេល​វែង​ទៀត​ផង​ពោល​គឺ​ភាព​ម្ចាស់​ការ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។

​​​​​​​​​៣. បង្កើន​សម្ព័ន្ធភាព​គ្រួសារ​រឹង​មាំ

ពេល​កូន​​ៗ​នៅ​កន្លែង​ធ្វើ​ការ​របស់​ឪពុក​ម្តាយ​ប្រាកដ​ណាស់​​សំណួរ​ចេញ​ពី​ចម្ងល់​កូន​​ៗ​ នឹង​កើត​​មាន សួរ​ទៅ​ប៉ា​ ឬ​ម៉ាក់​ជា​អ្នក​ឆ្លើយ​។ បទ​ពិសោធន៍​ទាំង​នោះ​ នឹង​នាំ​​​ឱ្យ​យើង ជា​ប៉ា ជា​ម៉ាក់ ផ្សារ​ភ្ជាប់​នឹង​កូន​ៗក្នុង​ចំណង​សម្ព័ន្ធ​ភាព​គ្រួសារ​​រឹង​មាំ ដែល​នៅ​ថ្ងៃ​ណា​មួយ ពេល​ពួក​គេ​ធំ​ឡើងគេ​នឹង​នឹក​រលឹក​ដល់ បទ​ពិសោធ​​ដែល​អ្នក​បាន​ចែក​រំលែក​ដែល​ជា​ដំបូន្មាន​​សម្រាប់​បំនិន​ជីវិត​​ដែល​ពួក​គេ​មិន​អាច​​ភ្លេច​បាន​។ 

៤. បង្រៀន​ឱ្យ​កូន​ៗ​ យល់​នឹង​គោរព​តម្លៃ​នៃ​ការ​លះ​បង់​របស់​ប៉ា​​ៗនិង​ម៉ាក់ៗ​

ពេល​អូន​ៗ ឃើញ​ប៉ា​ៗ ម៉ាក់​ៗ​ ហត់​នឿយ តែ​នៅ​តែ​ញញឹម និង​និយាយ​ល្អ​ៗដាក់​កូន​​ៗ ជា​ធម្មជាតិ​​ពួក​គេ និង​គោរព​ស្រលាញ់​ប៉ា​ៗ ម៉ាក់​ៗ​គេនិង​យល់​តម្លៃ​នៃ​ការ​​លះ​បង់ ក្នុង​តួ​នាទី​ជា​ម៉ាក់​ប៉ា​ផង និង​ជា​អ្នក​រក​ថវិកា​ជួយ​ដល់​គ្រួសារ​ទាំង​មូល​ផង។ 

៥. ឱ្យ​កូន​​ៗ​យល់​ពី​​ការ​រស់​នៅ​ក្នុង​សង្គម

ពិត​ណាស់​ កន្លែង​ការងារ ធ្វើ​ការ រក​ស៊ី ជា​សហគមន៍​មួយដែល​ត្រូវ​​មាន​ទំនាក់​ទំនង​ ធ្វើ​ការ​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។ បរិយាកាស​នេះនឹង​ឱ្យ​កូន​បាន​ចេះ​ស្វែង​យល់​ដោយ​ខ្លួន​ឯង ចេះ​ក្លាហានចេះ​​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ពួក​គេដែល​សុទ្ធ​សឹង​មាន​ឥទ្ធិពល​ល្អ​ៗ​ទៅ​ក្នុង​សង្គម​។ លើស​ពី​នេះបរិយាកាស​ការងារ​របស់​ម៉ាក់​ៗ និង​ប៉ា​ៗ របស់​ពួក​គេនឹង​ធ្វើ​ឱ្យ​ពួក​គេ​ចេះ​ស្វែង​យល់​ជា​បន្ត​បន្ទាប់ នូវ​អ្វី​ដែល​ពួក​គេ​ជួប​ប្រទះសម្រាប់​ជា​ទុន​​​រស់​នៅ​ និង​បំពេញ​ការងារ ក្នុង​ជំនាន់​​របស់​ពួក​គេ​៕