មនុស្សទាំងអស់លើពិភពលោក សុទ្ធតែមានពេលវេលា២៤ម៉ោងដូចគ្នាក្នុងមួយថ្ងៃ តែអ្វីដែលធ្វើឱ្យមនុស្សមានលទ្ធផលខុសគ្នា គឺការច្នៃពេលវេលាទាំងអស់នោះដើម្បីប្រើប្រាស់ឱ្យក្លាយជាប្រយោជន៍ខុសគ្នា។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប បានលើកឡើងថា ពេលវេលានៅពេលព្រឹលឹមនិងពេលព្រលប់សំខាន់ខ្លាំងណាស់ សម្រាប់អភិវឌ្ឍសមត្ថភាពមនុស្ស។ កាលណាយើងចេះច្នៃពេលវេលានេះបានល្អនោះយើងនឹងអាចធ្វើការងារបានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើឱ្យជីវិតរបស់យើងរីកចម្រើនជាលំដាប់ តែប្រសិនបើយើងមិនយកចិត្តទុកដាក់ ហើយបណ្តែតបណ្តោយឱ្យវារំលងទៅជាមួយនឹងភាពគ្មានប្រយោជន៍ នោះជីវិតយើងនឹងដើរយឺតហើយជួបបញ្ហា។
ឧកញ៉ា ប៉ិច បូឡែន បាននិយាយថា៖ «នៅពេលព្រលឹមមនុស្សម្នាក់ៗអាចមានជម្រើសផ្សេងៗគ្នា។ អ្នកខ្លះងើបពីដំណេកពេលព្រលឹម ហាត់ប្រាណទទួលទានអាហារពេលព្រឹកមួយភ្លែត រៀបចំផែនការសម្រាប់ពេញមួយថ្ងៃ។ បន្ទាប់មកពេលទៅដល់កន្លែងធ្វើការងារ គេដឹងច្បាស់ពីបុព្វហេតុដែលគេត្រូវធ្វើពេញមួយថ្ងៃខណៈមនុស្សខ្លះទៀតងើបឡើងយឺត ហើយជាប់ដៃជាមួយបណ្តាញសង្គមរាប់ម៉ោង ពេលទៅដល់កន្លែងធ្វើការយឺតយ៉ាវ ហើយថែមទាំងមិនដឹងពីអ្វីដែលខ្លួនត្រូវធ្វើប្រចាំថ្ងៃថែមទៀត»។
អ្នកអប់រំខាងលើបានបន្ថែមទៀតថា មានមនុស្សជាច្រើន ទៅដល់កន្លែងធ្វើការងារហើយ មិនទាន់ដឹងថាត្រូវធ្វើអ្វីឬទៅដល់ការិយាល័យទើបតែបើកកុំព្យូទ័ររកនឹកថាត្រូវធ្វើអ្វីនៅថ្ងៃនេះ ខណៈអ្នកដែលបានត្រៀមទុកបានល្អពីព្រលឹមគេអាចសម្រេចការងារគគោកទៅហើយ។
ចំពោះពេលវេលាល្ងាចវិញ លោកណែនាំថាយើងអាចចំណាយពេលវេលា ក្រោយពេលធ្វើការងារដើម្បីអានសៀវភៅ ស្រាវជ្រាវពីចំណេះដឹងល្អៗ លេងកីឡា ឬអាចរៀបចំសកម្មភាពណាដែលធ្វើឱ្យជីវិតរបស់យើងប្រសើរឡើង។ តាមពិតទៅក្រោយពេលចេញពីធ្វើការងារ យើងអាចសល់ពេលមួយចំនួន ដើម្បីអភិវឌ្ឍសមត្ថភាពដោយអ្នកខ្លះអាចចំណាយពេលក្នុងការស្តាប់ពីវីដេអូចំណេះដឹងផ្សេងៗ ខណៈអ្នកដែលមិនចេះប្រើប្រាស់ពេលវេលាបានល្អគាត់អាចទៅជួបជុំមិត្តភក្តិផឹកស៊ី អង្គុយលេងបណ្តាញសង្គមឬជក់ជាមួយនឹង Game ជាដើម។
តាមពិតទៅពេលវេលាតិចៗពេលព្រលឹម និងពេលព្រលប់មានមិនច្រើនពេកទេ តែពេលវេលាតិចៗនេះ ជាកត្តាសំខាន់មួយដែលអាចជួយដល់ជីវិតរបស់យើង។ ហេតុនេះកុំមើលរំលងពេលវេលាដ៏មានសារៈសំខាន់ទាំងអស់នេះដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ៕