នៅក្នុងពុទ្ធសាសនា ការរៀនសូត្រ និងការបំពេញការងារដោយយកចិត្តទុកដាក់ ត្រូវបានចាត់ទុកជាបច្ច័យមួយសំខាន់ ជាមង្គល ជាស្ពានចាប់យកជំនាញមួយច្បាស់លាស់ និងសម្រេចគោលដៅនូវភាពស្ទាត់ជំនាញក្នុងមុខការណាមួយយ៉ាងប្រាកដ។ តាមរយៈ ការផ្សាយអប់រំពីពុទ្ធិ នៃសៀវភៅមង្គលជីវិតមាគ៌ាឆ្ពោះទៅរកសុភមង្គលរៀបរៀងដោយ ភិក្ខុ គូ សុភាព ក៏បានលើកបង្ហាញធម្មទេសនារបស់ព្រះពុទ្ធទៅលើការប្រតិបត្តិក្នុងការរៀនសូត្រ និងការបំពេញការងារជាប្រចាំថ្ងៃឲ្យមានវិន័យ មិនឲ្យច្របូកច្របល់ពិសេសសម្រាប់អ្នកសិក្សាដែលមាននូវខ្លឹមសារដូចខាងក្រោមនេះ៖
១.មូលហេតុនៃការងារច្របូកច្របល់
ក. ធ្វើការមិនត្រូវតាមកាល៖ ម៉ោងរៀនគណិតវិទ្យាទៅមើលសៀវភៅគីមី ឬម៉ោងត្រូវគេងទៅមើលទូរទស្សន៍ជាដើម។
ខ. ធ្វើការមិនតាមលំដាប់៖ ត្រូវទៅគោរពទង់ជាតិមុនចូលថ្នាក់តែបែរទៅជាអង្គុយធ្វើព្រងើយ មិនគោរពតាមពេលវេលា។
គ. មិនព្រមធ្វើការងារ៖ យប់នេះត្រូវមើលមេរៀនឱ្យហើយបែរជាថាចាំគេងបន្តិចសិន ឬចាំព្រឹក ធ្វើការងារចុងដៃចុងជើង ប្រចាំគេ។
២.វិធីធ្វើឱ្យសម្រេចការងារ
ឥទ្ធិបាទធម៌បានដល់មូលដ្ឋានគ្រឹះនៃការសម្រេចគោលបំណងក្នុងការសិក្សាមាន៤គឺ៖
ក. ឆន្ទៈ៖ ស្រឡាញ់ពេញចិត្តក្នុងការរៀនសូត្រ។
ខ. វិរយៈ៖ ព្យាយាមឱ្យអស់ពីកម្លាំងកាយចិត្ត។
គ. ចិត្តៈ៖ យកចិត្តទុកដាក់ចាត់ចែងកាលវិភាគរៀនយ៉ាងហ្មត់ចត់។
ឃ. វិមំសា៖ ត្រិះរិះពិចារណារកគន្លឹះដោះស្រាយបញ្ហាលំបាកគ្រប់យ៉ាងដោយមិនចុះចាញ់។
សរុបមកវិញការងារសម្រេច ឬមិនសម្រេចឋិតនៅលើខ្លួនឯងបើយើងមិនខំរៀនដោយខ្លួនឯងទេអនាគតនឹងក្លាយជាមនុស្សល្ងង់មនុស្សពាល។
៣.ឧបសគ្គនៃការសិក្សា
ក. ផឹកស្រាសេពគ្រឿងញៀនជាដើម។
ខ. ដើរលេងយប់អាធ្រាតហួសកាលវេលា។
គ. មើលមហោស្រពល្បែងរបាំ ច្រើនហួសហេតុ។
ឃ. លេងល្បែងស៊ីសងល្បែងភ្នាល់ជាដើម។
ង. សេពគប់មិត្តភក្តិអាក្រក់។
ច. ខ្ជិលច្រអូសមិនប្រឹងប្រែងរៀនសូត្រ។
ហេតុទាំង៦យ៉ាងនេះមិនអាចឱ្យសម្រេចគោលបំណងក្នុងអនាគតបានទេ ពីព្រោះអ្នកនោះបានបាត់បង់ស្មារតីក្នុងការរៀនសូត្រអស់ហើយ រវល់តែលេងសប្បាយហ៊ីហាមិនបានគិតអំពីដំណើរជីវិតដែលត្រូវរស់នៅបន្តវែងឆ្ងាយទៅខាងមុខទៀត។
ដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាងម្នាក់ៗត្រូវរៀបចំការងារក្នុងជីវិតឱ្យបានច្បាស់លាស់ ពេលបឋមវ័យ ត្រូវខំសិក្សារៀនសូត្រ ពេលមជ្ឈឹមវ័យត្រូវខំរកស៊ីចិញ្ចឹមជីវិត ពេលបច្ឆឹមវ័យត្រូវស្វែងរកទីពឹងសម្រាប់ខ្លួនឯងក្នុងបរលោកសូមកុំប្រើពេលវេលាដោយឥតប្រយោជន៍៕