ប្រសិទ្ធិភាពក្រោយពីការចូលរួមវគ្គបណ្ដុះបណ្ដាល ឬការសិក្សានានាមានភាពខុសគ្នាៗ ទៅតាមវិធីសាស្រ្ដដែលបានលើកយកមកប្រើដោយគ្រូបង្វឹកឬសាស្រ្ដាចារ្យ មានដូចជា ការអាន ការស្ដាប់ជាសំលេង ការមើលវីដេអូជាដើម ដែលបានដាប់បញ្ជូលជាមួយបទពិសោធន៍ក្នុងជីវិតផ្ទាល់ និងការអនុវត្តន៍ជាក់ស្ដែងរបស់គ្រូបង្វឹក។ បើមិនស្គាល់វាលស្រែផង តើឲ្យលើកទ្រឹស្ដីនៃការស្ទូងស្រូវដែលមានប្រសិទ្ធភាព ប្រាប់កសិករយ៉ាងដូចម្ដេចទៅរួច?

សិស្សខ្លះក៏ចេះ សិស្សមួយចំនួនទៀតក៏មុះមុតលង់លក់ជាមួយនឹងទ្រឹស្ដីស្រមើលស្រម៉ៃដែលគ្មានការអនុវត្តន៍ ក្នុងតែម៉ោងពេលដែលសិក្សា តែមិនបានប៉ុន្មានថ្ងៃផង សន្ទុះនៃចំណង់ក្នុងការធ្វើសកម្មភាព អាចនឹងខ្សោយទៅៗរកចំណុចសូន្យ មេរៀនក៏ត្រូវប្រគល់ទៅឲ្យគ្រូវិញស្ទើរទាំងស្រុង។ ប្រសិនបើមេរៀនមួយចំនួន ដែលភ្ជាប់ជាមួយការស្ដាប់ ការមើលជាវីដេអូ នោះនឹងផ្ដល់នូវប្រសិទ្ធិភាពខ្លះដែរ ក្នុងការចងចាំ។

តាមលទ្ធផលនៃការសិក្សាមួយ ដែលចេញដោយ National Training Laboratory, ពីលោកគ្រូបង្រៀនឈ្មោះ Edgar Dale (ស្លាប់ក្នុងឆ្នាំ ១៩៨៥) ដែលហៅថា Cone of Experience បានលើកឡើងពី Pyramid of Learning បង្ហាញថា៖ ការអានផ្ដល់ប្រសិទ្ធភាពត្រឹម១០ភាគរយ រីឯការអនុវត្តន៍ផ្ទាល់គឺផ្ដល់ប្រសិទ្ធភាពដល់ទៅ ៨០ភាគរយ បើតម្រូវឲ្យគាត់ក្លាយជាអ្នកបង្រៀនដល់អ្នកដទៃ(Teach Other) នោះនឹងវគ្គសិក្សាមានប្រសិទ្ធិភាពដល់ទៅ ៩០ភាគរយ។ 

ចំណុចនេះ ជាការវាយតម្លៃទៅសមត្ថភាព នៃការទទួលយកមេរៀនកន្លងមកបានក្នុងកម្រិតណា ហើយការប្រើវិធីសាស្រ្ដនេះ នឹងទាញការចាប់អារម្មណ៍សិស្សបន្ថែមនិងសិក្សាបានស៊ីជម្រៅ ដែលអាចធ្វើបានក្នុងក្រុមសិក្សាតូចៗ។

ដូច្នេះបើសិនជាអ្នកចង់ឲ្យសិស្សឆាប់ចេះនឹងចាប់បានត្រូវតែឲ្យក្លាយជាអ្នកបង្រៀនដល់សិស្សផ្សេងទៀត ពីទ្រឹស្ដីដែលមានការសិក្សាច្បាស់លាស់និងទុកចិត្តបាន។ ការឲ្យសិស្ស ក្លាយជាអ្នកបង្រៀនសិស្សដទៃទៀត ជាវិធីសាស្រ្ដដែលមានប្រសិទ្ធិភាពបំផុត ក្នុងការទាញការយកចិត្តទុកដាក់ និងខិតខំរៀន ស្រាវជ្រាវ និងអនុវត្តន៍។ ហើយចំនុចនេះ បានផ្ដល់នូវការចងចាំច្រើនបំផុត៕