«ក្តីស្រម៉ៃរបស់ខ្ញុំ គឺចង់ក្លាយជាគ្រូនៅមហាវិទ្យាល័យដូច្នេះខ្ញុំចាប់ផ្តើមសរសេរសៀវភៅពីតថភាពសង្គមដែលមានគ្រប់រសជាតិ​ » នេះជាសម្តីរបស់លោក គឹម ភា អ្នកចងក្រងសៀវភៅ ទិដ្ឋភាពជីវិតទូទៅ ភាគ១ និង ភាគ២ ។

(អត្ថបទផ្សាយឡើងវិញ)

លោក គឹម ភា ដែលបច្ចុប្បន្ន បានបោះពុម្ភផ្សាយនូវសៀវភៅចំនួន៤ក្បាលរួចមកហើយ ដែលភាគច្រើនទាក់ទងទៅនឹង របត់សង្គមទៅតាមសម័យកាលនីមួយៗ។ ទើបតែបោះពុម្ភបានចំនួន ៤​ក្បាលក៏ពិតមែន តែសំនេរដែលលោកគឹម ភា បានសរសេរទុក នៅមិនទាន់បោះពុម្ភនោះ មានចំនួនប្រមាណជា៣០ក្បាល។​

ប្រលោមលោក បែបពុទ្ធសាសនាដែលមានចំណងជើងថា «ស្គមដោយប្រយោជន៍ក្នុងសីល» និង សៀវភៅគតិអប់រំ «អត់ប្រយោជន៍៧ឆ្នាំ»ជាសៀវភៅដែលបានបោះពុម្ភរួចមកហើយ ក្រោមស្នាដៃរបស់លោក គឹម ភា។

អ្នកនិពន្ធវ័យ៣០ ឆ្នាំរូបនេះ រំលឹកពីប្រវត្តិ មុននឹងក្លាយជាអ្នកនិពន្ធថា គាត់ធ្លាប់ជាសិស្សពូកែ ផ្នែកអក្សរសាស្រ្តខ្មែរកាលរៀននៅវិទ្យាល័យ។ ដោយជីវភាពគ្រួសារមិនធូរធា ក្រោយប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវសម្រេចចិត្តចូលបម្រើការងារជាសន្តិសុខឲ្យក្រុមហ៊ុនមួយ ដោយមិនបានបន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យភ្លាមៗនោះទេ។

ដោយហេតុតែខ្លួនមានចំណេះដឹងបានសិក្សាចប់ថ្នាក់វិទ្យាល័យដែរនោះ មិនយូរប៉ុន្មាន គាត់ក៏ត្រូវបានថ្នាក់លើ ណែនាំឲ្យចូលបម្រើការជាបុគ្គលិកជំនួយការរដ្ឋបាលនិង រៀបចំការងារផ្នែកទីផ្សារ។​ ក្នុងកំឡុងពេលនោះហើយ ដែលលោកបានចាប់ផ្តើមសរសេរសៀវភៅផ្សេងៗដែលពុំធ្លាប់នឹកគិតដល់ការចេញផ្សាយ និង​ជាពិសេសគឺ ពុំមានលទ្ធភាពនឹងបោះពុម្ភអ្វីទេ។

នៅឆ្នាំ២០១៥ គឺ ៣ ទៅ ៤​ ឆ្នាំក្រោយពេលដែល លោកធ្វើការជាបុគ្គលិកផ្នែករដ្ឋបាលនិងបានបន្តការសិក្សានៅសាកលវិទ្យាល័យ បញ្ញាសាស្រ្ត លោកបានស្គាល់លោកគ្រូម្នាក់ឈ្មោះឈិន សីហា ដែលគាត់ក៏ជាអ្នកនិពន្ធវ័យក្មេងម្នាក់ ដែលបានលើកទឹកចិត្តលោក ឲ្យបន្តសរសេរនិង រចនាឲ្យចេញជាសៀវភៅ ដ៏មានអត្ថន័យមួយ។ ចាប់តាំងពីពេលនោះមក ភា បានខំប្រឹងប្រែងសរសេរ និង ស្រាវជ្រាវទៅលើសំនេររបស់គាត់ឲ្យមានន័យនិង ជាប្រយោជន៍ដល់អ្នកអានទូទៅ មិនថា បុរស ស្រ្តី កុមារ រឺ បុព្វជិតអ្វីឡើយ។

យ៉ាងណាម៉ិញ ភាពលំបាក និង ការប្រឈមក្នុងការបោះពុម្ភ និង ចែកចាយប្រាកដជាមានសម្រាប់អ្នកនិពន្ធគ្រប់រូប ដោយឡែកចំពោះលោក គឹម ភា ការលក់សៀវភៅរបស់លោកភាគច្រើនគឺ ត្រូវបានដាក់លក់ច្រើននៅតាមបណ្តាខេត្តនានាសម្រាប់សិស្សានុសិស្សគ្រប់វ័យ អាចស្វែងយល់ដោយការអានសៀវភៅនេះ។ លោកបានបន្ថែមថា ការដាក់សៀវភៅលក់នៅតាមបណ្ណាគារនៅឯទីក្រុងភ្នំពេញ គឺទទួលបានកំរៃមិនច្រើននោះទេ ដូច្នេះលោកក៏សម្រេចចិត្ត ទំនាក់ទំនងចែកចាយនៅតាមបណ្តាខេត្តច្រើនជាង។

ឆ្លើយតបនឹងសំនួរថាតើអ្វីទៅជាការជំរុញទឹកចិត្ត ឲ្យគាត់ចាប់ផ្តើមសរសេរសៀវភៅ ទាំងអស់នេះឡើង លោក គឹម ភាបញ្ជាក់យ៉ាងច្បាស់ៗថា មូលហេតុទីមួយគឺ លោកមានក្តីស្រម៉ៃ ចង់ក្លាយជាគ្រូថ្នាក់មហាវិទ្យាល័យម្នាក់ហើយដោយសារមានការគាំទ្រ ពីសំណាក់សាកលវិទ្យាធិការដែលថា បើលោកសរសេរសៀវភៅ ដែលទាក់ទងនឹងមុខជំនាញរបស់ខ្លួនឲ្យបានប្រមាណ១៥ក្បាល់ នោះលោកក៏អាចមានឱកាស ក្លាយជាសាស្រ្តាចារ្យមួយរូបផងដែរ។ហេតុផលទី២ គឺដោយសារលោកចង់ បង្ហាញរាល់ស្នាដៃដែលលោកខិតខំ ស្វះស្វែងក្នុងការសរសេរនោះ បញ្រ្ជាបដល់សាធារណជនព្រោះលោកជឿជាក់ថា សៀវភៅរបស់លោក ដែលបានដកស្រង់ពីតថភាពពិត  លាយឡំ និង ភាពកំប្លុកកំប្លែងបែបអប់រំផ្សេងៗនឹងផ្តល់ជាប្រយោជន៍ ដល់អ្នកអានជាក់ជាមិនខានឡើយ។

លោកគឹម ភា បន្តថា សៀវភៅបន្ទាប់ ដែលគាត់គ្រោងនឹងបោះពុម្ភនោះគឺនិយាយអំពីប្រទេសនៅលើពិភពលោក (The Great Wall) និងសៀវភៅស្តីពីវប្បធម៌ទូទៅ សម្រាប់ថ្នាក់មហាវិទ្យាល័យដែលលោកកំពុងធ្វើការស្រាវជ្រាវបន្ថែម។

យ៉ាងណាក៏ដោយលោក គឹម ភា ដែលបច្ចុប្បន្នជាមន្រី្តផ្នែករដ្ឋបាល និងជាបុគ្គលិកនៅមណ្ឌលវប្បធម៌ភ្នំពេញ បានប្រាប់គន្លឹះមួយចំនួន សម្រាប់អ្នកដែលចង់ចាប់ផ្តើមសរសេរសៀវភៅថា អ្នកសរសេរគ្រប់រូបត្រូវស្វែងរក អ្នកមានចំណេះដឹង ជ្រៅជ្រះផ្នែកអក្សរសាស្រ្តដើម្បីជួយសម្រួលផ្នែកអក្ខរាវិរុទ្ធ ហើយអ្នកសរសេរទាំងអស់ ត្រូវឲ្យប្រាកដចិត្តថាសរសេរតែអ្វីដែលអព្យាក្រឹត មិនលំអៀងទៅផ្នែកខាងណាមួយឡើយ ហើយជាពិសេសគឺសរសេរនូវអ្វីដែលអ្នកអាន អាចយកទៅវិភាគដោយខ្លួនឯងបាន និងចុងក្រោយសូមអ្នកមានបំណងសរសេរ និងបោះពុម្ភសៀវភៅទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឲ្យខានតែបាន ក្នុងគោលបំណងធ្វើយ៉ាងណាមិនឲ្យដូច ឬ ប៉ះពាល់ដល់ស្នាដៃអ្នកនិពន្ធផ្សេងទៀតដែលបានបោះពុម្ភ សៀវភៅជាសារធារណទៅហើយនោះ។

ជាចុងក្រោយលោកគឹម ភាបានគូសបញ្ជាក់ថា « បើទោះជាខ្ញុំ មិនសូវមានលទ្ធភាពបោះពុម្ភសៀវភៅបានច្រើនក៏ដោយក៏ខ្ញុំនៅតែព្យាយាមសរសេរ ហើយនឹងចេញផ្សាយគ្រប់សៀវភៅ ដែលខ្ញុំជឿជាក់ថា វាមានប្រយោជន៍ដល់សង្គមនៅថ្ងៃអនាគត»