មានកត្តាជាច្រើនដែលជំរុញឱ្យស្បែកមនុស្សយើងឆាប់ប្រែជាជ្រីវជ្រួញចាស់ជាងវ័យ ដូចជាអារម្មណ៍ស្រ្តេសកម្ដៅថ្ងៃក្ដៅខ្លាំងការជក់បារី និងការផឹកស្រាជាដើម។ ប៉ុន្តែអ្វីដែលគ្រប់គ្នាមិនសូវបានចាប់អារម្មណ៍នោះគឺរបបអាហារដែលអ្នកមិនគិតដល់ទេថាវាអាចបង្កឱ្យស្បែកប្រែជាឆាប់ចាស់មិនស្រស់ថ្លានិងប៉ះពាល់សុខភាពខ្លាំងផងដែរ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរចៀសឱ្យបាន ប្រសិនបើចង់ឱ្យស្បែកនៅតែក្មេងមិនប្ដូរជាចាស់មុនអាយុ។
១. ស្ករ៖
ស្ករគឺជាអាហារដែលធ្វើឱ្យស្បែកឆាប់វិវត្តទៅរកភាពចាស់ខ្លាំងជាងគេ។ វាគឺជាសារធាតុដែលរំខានដល់ខូឡាជេននិង elastin ដែលជាប្រូតេអ៊ីនដ៏ចាំបាច់បំផុតសម្រាប់ស្បែក។ នៅពេលជាតិស្ករបំបែកនៅក្នុងខ្លួន វានឹងទៅចងខ្លួនភ្ជាប់ជាមួយខូឡាជេនដែលបង្កទៅជាស្នាមជ្រីវជ្រួញនិងធ្វើឱ្យស្បែកយារធ្លាក់។ មិនតែប៉ុណ្ណោះ វានឹងធ្វើឱ្យរាងកាយឡើងទម្ងន់និងធ្វើឱ្យអ្នកមើលទៅចាស់ជាងអាយុ។
យកល្អគួរចៀសវាងការញ៉ាំរបស់ផ្អែមខ្លាំងដូចជាស្ករគ្រាប់ ស្ករសសូកូឡាដែលមានជាតិស្ករនិងនំដូណាត់ជាដើម។ប៉ុន្តែអ្នកអាចញ៉ាំសូកូឡាខ្មៅដែលគ្មានជាតិស្ករបាន។
២. ភេសជ្ជៈប៉ូវកម្លាំង៖
ភេសជ្ជៈប៉ូវកម្លាំង(Energy drink) មានផ្ទុកជាតិស្ករច្រើនលើសលប់អាស៊ីត និងសារជាតិគីមីដែលបំផ្លាញសុខភាពជាច្រើនទៀត។ វាអាចធ្វើឱ្យខូចធ្មេញនិងធ្វើឱ្យអ្នកមើលទៅកាន់តែចាស់។ ក្រៅពីនេះ វាក៏មានផ្ទុកជាតិសូដ្យូមនិងកាហ្វេអ៊ីនដែលនាំឱ្យរាងកាយបាត់បង់ជាតិទឹកពីខាងក្នុង។ កាលណារាងកាយបាត់បង់ជាតិទឹក ស្បែករបស់អ្នកនឹងប្រែទៅជាចាស់ជ្រីវជ្រួញ ហើយស្ងួត។
៣. អាហារបំពងខ្លាញ់ច្រើន៖
អាហារបំពងដោយប្រើកម្ដៅខ្លាំងនិងប្រើខ្លាញ់ច្រើនអាចធ្វើឱ្យកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺដទៃទៀតដែលពាក់ព័ន្ធនឹងភាពចាស់។ វានឹងធ្វើឱ្យស្បែកកាន់តែអាក្រក់ឡើងៗ ហើយឡើងជ្រីវជ្រួញហួសពីការស្មាន។
៤. អាហាររហ័ស(Fast Food)៖
អ្នកដែលចូលចិត្តអាហារបែបរហ័ស(Fast Food) ដូចជាភីហ្សា ប៊ឺហ្គឺ និងដំឡូងបារាំងបំពងជាដើមនេះប្រៀបត្រៀមខ្លួនទទួលយកភាពចាស់រួចទៅហើយ។ ក្នុងអាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ឆ្អែតខ្លួនដែលធ្វើឱ្យស្ទះសរសៃឈាម ហើយខ្លាញ់ទាំងនោះនឹងនៅស្ទះកកក្នុងរាងកាយរបស់អ្នក។ វាធ្វើឱ្យស្បែករបស់អ្នកនឹងឡើងចាស់ជាងអាយុ និងយារធ្លាក់។
៥. ប្រេងឆា៖
ប្រភេទប្រេងឆាដែលច្នៃចេញពីបន្លែនិងរុក្ខជាតិដូចជា ផ្កា Canola និងសណ្ដែកសៀងជាដើម ក៏សម្បូរខ្លាញ់ឆ្អែតខ្លួនដែលប៉ះពាល់ដល់សុខភាព និងធ្វើឱ្យស្បែកឆាប់ខូច។ ដោយសារតែស្បែកលែងមានរនាំងការពារ វានឹងនាំឱ្យស្បែកឡើងខ្មៅដុំៗ និងខ្មៅរោល។ ដូច្នេះគួរតែចៀសវាងការប្រើប្រេងឆាប្រភេទនេះ ហើយងាកមកប្រើប្រេងដូង ឬប្រេងអូលីវវិញដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ។
៦. អាហារហឹរ៖
អាហារប្រភេទនេះក៏ធ្វើឱ្យស្បែកខូចមិនអន់ដែរ។ ជាតិហឹរនេះធ្វើឱ្យសរសៃឈាមរបស់អ្នកឡើងរីកធំ និងអាចធ្វើឱ្យស្បែករបស់អ្នកឡើងចាស់ជាងអាយុ ដោយការចូលបំផ្លាញសរសៃវែន ឬធ្វើឱ្យស្បែកឡើងកន្ទួលក្រហម៕