ក្នុងស្ថានភាពនៃការផ្ទុះឡើងកាន់តែខ្លាំងនៃកូវីដ-១៩ថ្មីៗនេះ ការការពារខ្លួនគឺជាការសំខាន់បំផុតដែលប្រជាពលរដ្ឋត្រូវតែប្រកាន់ខ្ជាប់ដើម្បីបញ្ឈប់ការឆ្លងរាលដាល។ ក្រៅពីការថែរក្សាសុខភាព ការរក្សាអនាម័យ ការបរិភោគអាហារក៏ជារឿងដែលគួរពិចារណាផងដែរ។ តួយ៉ាង ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំឱ្យដំណើរការល្អប្រឆាំងជំងឺនានា ជាពិសេសក្នុងអំឡុងពេលកូវីដ១៩នេះអ្នកគួរបរិភោគអាហារទាំង៥ប្រភេទខាងក្រោម៖
១. វីតាមីន A (BetaCarotene)
វីតាមីនប្រភេទនេះជួយឱ្យពោះវៀន និងប្រព័ន្ធដង្ហើមមានសុខភាពល្អ។ អាហារដែលសម្បូរជាតិវីតាមីន A មានដូចជា ការ៉ុត ដំឡូងជ្វា ស្ពីណាច ផ្កាខាត់ណាខៀវ និងម្ទេសផ្លោកក្រហមជាដើម។
២. វីតាមីនC
វីតាមីន Cជួយពន្លឿនការផលិតអង់ទីគ័រក្នុងរាងកាយ។ ផ្លែឈើពពួកក្រូច ស្ត្រូបឺរី ម្ទេសផ្លោកក្រហម និងផ្លែគីវីជាដើមសុទ្ធតែសម្បូរជាតិវីតាមីនC នេះ។
៣. វីតាមីន E
វីតាមីនមួយប្រភេទនេះជួយពង្រឹងការបន្សាប ទប់ស្កាត់ពពួករាឌីកាល់សេរីតាមរយៈការធ្វើការក្នុងនាមជាអង់ទីអុកស៊ីត។ អាហារដែលសម្បូរសារធាតុនេះមានដូចជា ប្រេងបន្លែ គ្រាប់ធញ្ញជាតិ និងផ្លែបឺជាដើម។
៤. ស័ង្កសី
នៅក្នុងរាងកាយមនុស្ស មានអង់ហ្ស៊ីមជាច្រើនដែលត្រូវពឹងផ្អែកលើសារធាតុស័ង្កសី ហើយកង្វះសារធាតុមួយនេះនឹងបណ្ដាលឱ្យប៉ះពាល់ទៅដល់ប្រព័ន្ធភាពស៊ាំ។ អាហារដែលសម្បូរជាតិស័ង្កសីមានដូចជា សណ្ដែក គ្រាប់ធញ្ញជាតិ សាច់ក្រហម សាច់មាន់-ទា និងគ្រឿងសមុទ្រ។
៥. ប្រូតេអ៊ីន
អាមីណូអាស៊ីតមួយចំនួនដែលគេរកឃើញនៅក្នុងសារធាតុប្រូតេអ៊ីនគឺមានសារសំខាន់ណាស់សម្រាប់ប្រព័ន្ធភាពស៊ាំឈ្មោះថា T-cell ដែលជាបណ្ដុំកោសិកាដែលជួយការពាររាងកាយប្រឆាំងភ្នាក់ងារបង្កជំងឺទាំងឡាយ។ អាហារដែលសម្បូរជាតិប្រូតេអ៊ីនមានដូចជាសាច់ក្រហម សាច់មាន់-ទា ស៊ុតគ្រឿងសមុទ្រ សណ្ដែក គ្រាប់ធញ្ញជាតិ៕